Thursday, September 19, 2024

បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត

ខេត្តសៀមរាប៖ បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២នាក់ត្រូវបានឃាត់ខ្លួន ករណីវាយអ្នកលក់អណ្ដើក នៅអង្គរវត្ត ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះ។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់យ៉ាងខ្លីថា «ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី »។

រហូតមកដល់ពេលនេះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅពុំទាន់បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យចំនួន ០២នាក់ ខាងលើបាននៅឡើយទ។

សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ មានបែកធ្លាយវីដេអូបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីរឿងបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មួយក្រុម ក្នុងនោះមានម្នាក់ បានប្រើអំពើហិង្សា ទៅលើក្មេងប្រុសម្នាក់(មហាជន) ហាក់បង្ហាញភាពព្រៃផ្សៃ នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងតែទស្សនាប្រាងប្រាសាទអង្គរវត្ត។ កាលរសៀលថ្ងៃទី ១២ ខែមករាឆ្នាំ ២០២៤ ម្សិលមិញនេះ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ៤ ចំណុច ពាក់ព័ន្ធនឹងគណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើ កុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទុអង្គរវត្តផងដែរ។

រសៀលថ្ងៃដដែល មន្ត្រីជាន់ខ្ពស់ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានគូលែនដេលី ថា «បើទោះបីជាអាជ្ញាធរអប្សរាបានចេញលិខិតប្រកាសព័ត៌មានក្នុងលក្ខខណ្ឌការពារអង្គភាពរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា និងចាត់ការតាមផ្លូវច្បាប់បើរកឃើញថាបានប្រព្រឹត្តខុស»។

មន្ត្រីជាន់ខ្ពស់ដដែលបានថ្លែងបន្តថា «ដោយរឿងនេះគឺជារឿងធំធ្ងន់ធ្ងរប៉ះពាល់ដល់មុខមាត់ខេត្តនិងប្រទេសជាតិ ផងនោះ សូមរង់ចាំតាមដានសន្និសីទសារព័ត៌មាន បន្ទាប់ពីប្រមូលរឿងបានគ្រប់ជ្រុងជ្រោយ»។

ទោះបីជាយ៉ាងណាមហាជនបានសម្ដែងការខឹងសម្បា និងថ្កល់ទោស ចំពោះបុគ្គលដែលបានប្រើអំពើហិង្សា ទៅលើអ្នកលក់សត្វអណ្ដើកម្នាក់ នៅចំបេះដូងនៃប្រទេសកម្ពុជា ដែលហាក់ចង់បំផ្លាញកិត្តិយសជាតិ សេចក្ដីថ្លៃថ្នូររបស់វប្បធម៌ ប្រពៃណីជនជាតិមួយនេះ ឱ្យបរទេសបានឃើញ និងកាន់តែមើលងាយ។ មហាជននៅបន្តចាំមើល និងជឿជាក់ចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាអាចនឹងរកយុត្តិធម៌ជូនអ្នកលក់សត្វអណ្ដើក ដែលរងនូវអំពើហិង្សានេះ៕នាគស

ព័ត៌មានពេញនិយម