រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប លោក ខេង យ័ន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។
ដោយបន្ថែមពីលើខ្លឹមសារអនុក្រឹត្យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអមដោយសំនេរ លើកយកអភិក្រម ដែលបានបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតយករដ្ឋមន្រ្តីកម្ពុជា ដ៍មានប្រសិទ្ធភាពថា «អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបរាប់បន្ថែមថា «ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា «ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរសារជាថ្មី បន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ថា «ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន»។
សូមជម្រាបជូនផងដែរថា កាលពីវេលាម៉ោង១១ និង ៣០ នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសដល់កម្លាំងជំនាញផែនព្រហ្មទណ្ឌទាំង២៥ទូទាំងរាជធានី-ខេត្ត ឲ្យជួយស្ទាក់ឃាត់រថយន្តចំនួន៣គ្រឿង ក្រោយមានការចាប់ លោក ខេង យ័ន្ត អភិបាលក្រុងកែប និង លោក អុិន ហុន នាយករដ្ធបាលក្រុងកែប។
ក្រោយមក នៅថ្ងៃដដែល សមត្ថកិច្ចបានឪ្យដឹងថា ដំបូងឡើយស្មានតែមានករណីចាប់ជំរិត ឬប្លន់ ប៉ុន្តែក្រោយមកទើបដឹងថា ជាកម្លាំងសមត្ថកិច្ចខាងអង្គភាពប្រឆាំងអំពើពុករលួយ ACU ទើបមានការប្រកាសឲ្យសមត្ថកិច្ចបើកផ្លូវ និងហាមមិនឲ្យមានការឃាត់រថយន្តទាំងនោះទេ។
បើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកែប កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ថា «ជុំវិញករណីឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលខាងលេីនេះ គឺអាចពាក់ព័ន្ធករណីពុករលួយ»។
លោកស្នងការរងរូបនេះ បានបន្ថែមថា ករណីខាងលើនេះ គឺមន្ត្រី ACU បានជិះរថយន្តចំនួនបីគ្រឿង មានដូចជា រថយន្តហ្វ័ត រថយន្តឡង់គ្រីស័រ និងរថយន្តម៉ាស្ដា បានចុះទៅឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត រួចបញ្ជូនខ្លួនយកទៅសាកសួរតាមនីតិវិធីហើយ។ ក្រោយមក លោក ខេង យ័ន្ត អភិបាលក្រុងកែប និង លោក អុិន ហុន នាយករដ្ធបាលក្រុងកែប បានវិលត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ ACU នាំខ្លួនយកទៅសាកសួរ ក្រោយពីលោកបានបញ្ចប់កិច្ចប្រជុំមួយ។ នេះបើយោងតាម ការឱ្យដឹង របស់ ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ធបាលខេត្តកែប ប្រាប់មកកាន់អ្នកអ្នកសារព័ត៌មាន កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅផងដែរ៕នាគស
ប្រភព៖ Samdech Thipadei Hun Manet, Prime Minister Of Cambodia