ខេត្តបន្ទាយមានជ័យ៖ ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អេហ្សីប ខេធីវី AZIB KTV ដែលទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបង្កប់ល្បែងស៊ីសង សង្ស័យអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំលោកមិនបានជ្រាបនោះទេ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ខារ៉ាអូខេ ដែលមានយីហោ អេហ្សីប ខេធីវី AZIB KTV នេះ សង្ស័យថាជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងកម្លាំងទៀតផង។ប្រភពដដែលបានបន្តថា ខណះដែល ខារ៉ាអូខេ អេហ្សីប ខេធីវី មានបង្កប់ល្បែងស៊ី ខាងលើ បាននឹងកំពុងល្បីយ៉ាងនេះ បានដឹងដល់ប្រជាពលរដ្ឋទូទៅ និងមានអ្នកធ្លាប់ ចូលលែង និងកំសាន្តថា បានបង្កការរំខានដោយបំពងសំឡេង នឹងអាចបង្វក់ស្មារតីយុវជន តែប្រហែលជាមិនបានជ្រាបដល់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនោះទេ។
ប្រជាពលរដ្ឋបានបព្ជាក់ឱ្យដឹងថា អេហ្សីប ខេធីវី AZIB KTV ដែលទទួលបំរើសេវាកម្ម ២៤ម៉ោងនេះ បានបំពងសំឡេងខ្ទរដី ទាំងយប់ទាំងថ្ងៃ និងកំពុងបង្កផលរំខានយ៉ាងធ្ងន់ធ្ងរ ដល់ពលរដ្ឋ ហើយនោះ ថែមទាំងបានបង្កប់ល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដែលអាចបង្វក់យុវជន អោយឆ្កួតនឹងល្បែង ស្រី ស្រា នៅទីនោះតែម្ដង។
ប្រជាពលរដ្ឋបានសំដែងនូវការព្រួយបារម្ភ ដោយលើកឡើងដូចៗគ្នាថា «ជាក់ស្ដែងកាលអំឡុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខារ៉ាអូខេមួយកន្លែងមានយីហោ ឈ្មោះ ស្កាយ ខេធីវី មានការដាក់អោយប្រើប្រាស់នូវសារធាតុញៀន រហូតដល់មានការឃាត់ខ្លួន មនុស្សប្រុសស្រី ជាច្រើននាក់ រួចទៅហើយ។ ចំណែកឯ AZIB KTV នេះក៍អាចនឹងបំផ្លាញអនាគត របស់យុវជនជំនាន់ក្រោយដូចគ្នា»។
ប្រជាពលរដ្ឋបានធ្វើការគោរពស្នើរ អាជ្ញាធរមានសមត្ថកិច្ច ក្នុងក្រុងប៉ោយប៉ែត លោកស្នងការនគរបាលខេត្ត ជាពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមមេត្តាជួយដាក់ការស៊ើបអង្កេតរឿងនេះដោយក្ដីអនុគ្រោះផង។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី មិនអាចសុំការបំភ្លឺពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បាននោះទេ ដោយសារលេខទូរសព្ទរបស់លោក ០១២៥៨៩៧៧៧ មិនអាចទំនាក់ទំនងបាន។
ករណីដែលប្រជាពលរដ្ឋលើកឡើង និង គោរពស្នើសុំខាងលើនេះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ ប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី តាមទូរស័ព្ទថា «បើមានករណីនោះមែន លោកស្នើសុំឱ្យ ខាងសារព័ត៌មានយើង ផ្ដល់លេខទូរស័ព្ទរបស់ខ្ញុំ ០១២ ៦៣៦៨៨៦ ទៅកាន់ប្រជាពលរដ្ឋឲ្យរាយការណ៍មកខ្ញុំផ្ទាល់។ លោកបន្តថា «កុំឲ្យប្រជាពលរដ្ឋដែលទៅសុំលុយគេមិនបានហើយផ្សាយអំពីគេ»។ លោកថែមទាំងបញ្ជាក់ថា «ខ្ញុំសប្បាយចិត្ត និងពេញចិត្តដែលមានប្រជាពលរដ្ឋល្អ រាយការណ៍ជូនសមត្ថកិច្ចយើង ខ្ញុំនឹងបញ្ជូនព័ត៌មានជាសម្ងាត់ទៅកាន់ជំនាញរបស់ខ្ញុំ ដែលមាន លោកអធិការដ្ឋានក្រុងប៉ោយប៉ែត»។
ឆ្លើយតបទៅនឹងសំណួរចុងក្រោយ របស់ពីភ្នាក់ងារសារព័ត៌មានគូលែនដេលី ថា « តើបន្ទាប់ពីទទួលបានព័ត៌មានពីអង្គភាពយើងខ្ញុំហើយ លោកស្នងការនិងបញ្ជូនជំនាញចុះពិនិត្យដែរឬទេ?» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថា «មិនអាចចេះតែបញ្ជូនទៅបាននោះទេ បងយល់ពីជំនាញបងដឹងហើយ តែបើបងមិនយល់ពីជំនាញទេពន្យល់យ៉ាងណាក៏មិនយល់»។
ដើម្បីបញ្ជាក់ជូនថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្រែងល លោកមិនទទួលជ្រាប ពីភ្នាក់ងារសារព័ត៌មានគូលែនដេលី និងធ្វើការទំនាក់ទំនង ទៅកាន់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោក គៀត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បីជម្រាបសួរជុំវិញរឿងនេះនៅថ្ងៃស្អែកបន្ថែមទៀត៕នាគស