Sunday, November 24, 2024

ភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានទៅលេងល្បែងនិងស្នាក់នៅបណ្ដោះអាសន្នក្នុង កាស៊ីណូសាងាំ រីសត Sanam Resort & Casino ម្នាក់បានស្លាប់

ខេត្តសៀមរាប៖ ភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានទៅលេងល្បែង នឹងស្នាក់នៅបណ្ដោះអាសន្នក្នុង កាស៊ីណូសាងាំ រីសត Sanam Resort & Casino ម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនបន្តមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ HONG LIUYANG ភេទប្រុស ៣៨ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ LL០៣៩១៣៧០ មានទីលំនៅបណ្ដោះអាសន្ន កាស៊ីណូសាងាំ រីសត Sanam Resort & Casino ស្ថិតនៅភូមិជាំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភពដដែលបានបន្តថា ឈ្មោះ ចូរ សុភ័ក្រ ភេទប្រុស អាយុ 32 ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំថ្លាត ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ជាគ្រូពេទ្យបម្រើការងារនៅមណ្ឌលសុខភាពអន្លង់វែង បានឲ្យដឹងថា «នៅវេលាម៉ោង ១៤ និង ៤៩ នាទី ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ មានជនជាតិចិនពីរនាក់និងអ្នកបកប្រែម្នាក់ជាជនជាតិខ្មែរ បានយកអ្នកជំងឺ(សព) មកមណ្ឌលសុខភាពអន្លង់វែង ដោយអ្នកជំងឺ(សព)មានអាការៈចុកដើមទ្រូង ស្លេកស្លាំង បបូរមាត់ឡើងស្វាយបែកញើសជោគខ្លួន ហើយពួកខ្ញុំបានជួយព្យាបាល និងសង្គ្រោះគាត់ តែអាការៈរបស់គាត់ពុំបានធូរស្បើយទេដោយវិវត្តធ្ងន់ធ្ងរទៅៗ ឃើញសភាពមិនស្រួលខ្ញុំក៏បានប្រាប់មិត្តភក្កិរបស់គាត់ឲ្យបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយមកនៅវេលាម៉ោង ១៦ និង ០០នាទីថ្ងៃខែឆ្នាំដដែល មិត្តភក្កិរបស់គាត់បានស្នើសុំឡានសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពអន្លង់វែងបញ្ជូនបន្តមកខេត្តសៀមរាប ខ្ញុំជាអ្នកមកមើលថែជំងឺផ្ទាល់តាមរថយន្តសង្គ្រោះ។ នៅតាមផ្លូវអាការ:របស់គាត់កាន់តែចុកដើមទ្រូងខ្លាំងទៅៗ ហើយបានមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃខែឆ្នាំដដែល។ ពេលមកដល់ក្រុមគ្រូពេទ្យបានជួយពិនិត្យសង្គ្រោះធ្វើចលនាបេះដូង បានរយៈពេល ២០ នាទី ពួកគាត់បានប្រាប់ថាអ្នកជំងឺបានស្លាប់បាត់ទៅហើយ»។
ប្រភពក៏បានបន្ថែមថា ឈ្មោះ នាង វិរះរតនា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាអ្នកគ្រប់គ្រង កាស៊ីណូ សាងាំរីសត បានឲ្យដឹងថា «នៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៤ ភ្ញៀវជនជាតិចិនប្រុសៗ ៣នាក់ (ម្នាក់សព) បានចូលមកលេង ក្នុងកាស៊ីណូ រហូត ដល់ ២១ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់់បានមករកបន្ទប់ស្នាក់នៅ ពេលនោះខាងបុគ្គលិករបស់ខ្ញុំបានជូនគាត់ទៅដាក់បន្ទប់លេខ៦២៥ ជាន់ទី ៦។ លុះដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ គាត់(សព) បានដើរទៅបន្ទប់អាហារដើម្បីស្រស់ស្រូប រួចហើយគាត់ឡើងទៅដេកវិញ រហូតដល់វេលាម៉ោង ១៤ និង ១៥ នាទីថ្ងៃខែឆ្នាំដដែល មិត្តភក្កិរបស់គាត់(សព) បានមកប្រាប់ខ្ញុំថា សពខាងលើមានអាការៈមិនស្រួលខ្លាំងចុកដើមទ្រូង ឱ្យជួយហៅឡានពេទ្យ ភ្លាមនោះខ្ញុំក៏បានទាក់ទងទៅ ឡានតាក់ស៊ីឲ្យជូនគាត់ទៅគ្លីនិកមួយកន្លែងនៅស្រុកអន្លង់វែង ពេលទៅដល់អាការៈរបស់គាត់ធ្ងន់ធ្ងរខ្លាំង តែខាងគ្លីនិកឯកជនពុំហ៊ានទទួល ក៏បានប្រាប់ឲ្យទៅមណ្ឌលសុខភាពអន្លង់វែង ពេលទៅដល់មណ្ឌលសុខភាពក្រុមគ្រូពេទ្យបានជួយព្យាបាល និងពិនិត្យ តែដោយអាការៈរបស់គាត់ធ្ងន់ធ្ងរទៅៗ ខាងមណ្ឌលសុខភាពបានប្រាប់ថាសុំឲ្យយកគាត់មកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក៏បានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូតដល់ពេលលាម៉ោង ២០ និង ០០ នាទី តៃកុងឡានតាក់ស៊ីបានខលប្រាប់ខ្ញុំថា ជនជាតិចិននោះបានស្លាប់បាត់ទៅហើយ»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា បុរសជនជាតិចិនខាងលើបានស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចជំនាញបញ្ជួនទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស

ព័ត៌មានពេញនិយម