Sunday, November 24, 2024

ការខកខានមិនបានចុះបញ្ជីមរណភាព ឆ្លងឆ្នាំអនុវត្ត សាច់ញាតិអ្នកស្លាប់ត្រូវទៅស្នើសុំសេចក្តីសម្រេចពីតុលាការ ទើបអាចចុះបញ្ជីនៅឃុំ សង្កាត់បាន

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈៀង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការចែករំលែកព័ត៌មាននៅលើបណ្ដាញ facebook ផ្លូវការ«ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង Pol Lieutenant General Say Mengchheang» ថា «ការខកខានមិនបានចុះបញ្ជីមរណភាព ឆ្លងឆ្នាំអនុវត្ត សាច់ញាតិអ្នកស្លាប់ត្រូវទៅស្នើសុំសេចក្តីសម្រេចពីតុលាការ ទើបអាចចុះបញ្ជីនៅឃុំ សង្កាត់បាន»។លោកឧត្តមសេនីយ៍ឯក បន្តថា «តោះមកឈ្វេងយល់ពីការចុះសំបុត្រមរណភាពវិញម្តង។ តើការចុះសំបុត្រមរណភាពមានសារៈប្រយោជន៍អ្វីខ្លះ? ហេតុអីចាំបាច់ចុះ? នាំសាមីខ្លួនទៅទេ😁 អ្នកណាអ្នកត្រូវទៅចុះ? មានលក្ខខណ្ឌអ្វីខ្លះ? ចុះនៅទីណា? »

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈៀង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្ថែមថា «សំបុត្រអត្រានុកូលដ្ឋានមរណភាព

១-សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានមរណភាព

-ស្នើសុំរៀបអាពាហ៍ពិពាហ៍ថ្មី

-ស្នើសុំមរតកស្របច្បាប់

-ប្រើប្រាស់ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ។

២-លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានមរណភាព

ក្រុមគ្រួសារអ្នកស្លាប់ ត្រូវទៅប្តឹងចុះបញ្ជីដោយផ្ទាល់។

៣-ឯកសារសម្រាប់ស្នើសុំចុះបញ្ជីមរណភាព

ក.ក្នុងឆ្នាំអនុវត្ត

-លិខិតជូនដំណឹងមរណភាពដែលចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច

-សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់អ្នកស្លាប់

-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលមានឈ្មោះអ្នកស្លាប់

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកស្លាប់ (ប្រសិនបើមាន)

-ឯកសារបញ្ជាក់អត្តសញ្ញាណ របស់អ្នកស្នើសុំ។

ខ.ឆ្លងឆ្នាំអនុវត្ត

-សេចក្តីសម្រេចរបស់តុលាការ

-លិខិតជូនដំណឹងមរណភាពដែលចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច

-សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់អ្នកស្លាប់

-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលមានឈ្មោះអ្នកស្លាប់

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកស្លាប់ (ប្រសិនបើមាន)

-ឯកសារបញ្ជាក់អត្តសញ្ញាណ របស់អ្នកស្នើសុំ។

៤-ទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋានមរណភាព

សាលាឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្លាប់ មុនពេលស្លាប់។

៥-តម្លៃ នៃការចុះបញ្ជីអត្រានុកូលដ្ឋានមរណភាព ដោយឥតគិតថ្លៃ»។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈៀង បានបញ្ជាក់ជូនថា «សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសាកសួរព័ត៌មានតាមការ Download កម្មវិធី GDI eServices ឬ ទំនាក់ទំនងលេខទូរស័ព្ទ ១២៧១ /០១៧ ៨៩៨ ៩១៥ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ រាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហារបស់លោកអ្នក»៕នាគស 

ព័ត៌មានពេញនិយម