រាជធានីភ្នំពេញ៖ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ហើយចុះថ្ងៃទី ០៩ ខែមករាឆ្នាំ ២០២៣ នេះ។
ខ្លឹមសារលិខិតជូនដំណឹង «ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ ដើម្បីមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សូមសាធារណជនមេត្តាទាក់ទងមកកាន់៖
១-ក្រុមការងារទទួលពាក្យបណ្ដឹង តាមលេខទូរសព្ទ 099 444 181 ឬតាមប្រព័ន្ធ តេឡេក្រាម ដែលមាន QR Code មាននៅខាងក្រោម។
២-ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ តាមរយៈ៖
-ឯកឧត្តម ជិន ម៉ាលីន 061 666 778
-ឯកឧត្តម សេង ឌីណា 098 600 133
-លោកជំទាវ សុខ វិសាល 012 311 746
-លោកស្រី ឌី ម៉ូឡានី 095 789 569» ។
សូមជម្រាបជូនផងដែរថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះផងដែរ។
សន្និសីទសារព័ត៌មាននេះ ក្រសួងយុត្តិធម៌ បានរៀបចំឡើង ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ។
សន្និសីទសារព័ត៌មាននេះ មានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌មានចំនួន ៥១រូប ដែលមកពីអង្គភាពសារព័ត៌មានចំនួន ២៩ អង្គភាព។
សូមបញ្ជាក់ថា៖ យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយ យុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕នាគស
ប្រភព៖ ក្រសួងយុត្តិធម៌