ខេត្តសៀមរាប៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧ និង ៣០នាទីព្រឹកកន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ: ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ធ្វើការឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា បុរសដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ឬជាជនត្រូវចោទនោះមានឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើតនៅភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួច ក៍គេចខ្លួនអស់រយៈពេលជាង២ឆ្នាំ មករស់នៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនត្រូវចោទខាងលើបានភ្លាមៗ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៍បានធ្វើការប្រគល់ និងទទួល ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលជាម្ចាស់ករណី ដើម្បីបន្តនីតិវីធីហើយផងដែរ។
សូមជម្រាបជូនផងដែរថា ជនសង្ស័យ ០២នាក់ក្នុងចំណោមបក្ខពួកចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការជាមួយនគរបាលខេត្តសៀមរាប និងខេត្តកំពង់ចាម ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យ និង បក្ខពួក បានធ្វើសកម្មភាពវាយសម្លាប់អ្នកធ្វើការសំណង់ជាមួយគ្នា កាលពី វេលាម៉ោង ២២ និង ១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្សដែលឃាត់ខ្លួនបាននៅពេលនោះ ទី១-ឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវបានចាប់ខ្លួនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យទី២-ឈ្មោះ ពេជ្រ លាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួននៅរសៀល ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកឯជនរងគ្រោះមានឈ្មោះ មុិក រឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកនាយការិយាល័យបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបានមកស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ជាមួយគ្នា។ លុះដល់យប់ថ្ងៃកើតហេតុក្រុមជនសង្ស័យខឹងជនរងគ្រោះចូលដេកមុនខុសកន្លែង ទើបក្រុមជនសង្ស័យនាំគ្នាធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ ហើយក៏នាំគ្នាគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់អស់ហើយ ខណ:ជនសង្ស័យចុងក្រោយនេះ កាលពីវេលាម៉ោង ០៧ និង ៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ: ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចាប់ឃាត់ខ្លួនបាន នឹងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាលរួចរាល់ហើយផងដែរ៕នាគស