Saturday, November 23, 2024

អ្នកនាំពាក្យ ACU បានបញ្ជាក់ថា “មិនមានករណីឃាត់ខ្លួនអភិបាលក្រុង ឬនាយករដ្ឋបាលក្រុងកែប ឡើយ”

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា “មិនមានករណីឃាត់ខ្លួនអភិបាលក្រុង ឬនាយករដ្ឋបាលក្រុងកែប ឡើយ”។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ

ការបញ្ជាក់របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងបន្ទាប់ពីបណ្តាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នៅសាលាក្រុងកែប បន្ទាប់ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

លោក ខេង យ័ន្ត អភិបាលក្រុងកែប

សូមជម្រាបជូនផងដែរថា កាលពីវេលាម៉ោង១១ និង ៣០ នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសដល់កម្លាំងជំនាញផែនព្រហ្មទណ្ឌទាំង២៥ទូទាំងរាជធានី-ខេត្ត ឲ្យជួយស្ទាក់ឃាត់រថយន្តចំនួន៣គ្រឿង ក្រោយមានការចាប់ លោក ខេង យ័ន្ត អភិបាលក្រុងកែប និង លោក អុិន ហុន នាយករដ្ធបាលក្រុងកែប។

លោក អុិន ហុន នាយករដ្ធបាលក្រុងកែប

នៅថ្ងៃដដែល សមត្ថកិច្ចបានឪ្យដឹងថា «ដំបូងឡើយស្មានតែមានករណីចាប់ជំរិត ឬប្លន់ ប៉ុន្តែក្រោយមកទើបដឹងថា ជាកម្លាំងសមត្ថកិច្ចខាងអង្គភាពប្រឆាំងអំពើពុករលួយ ACU ទើបមានការប្រកាសឲ្យសមត្ថកិច្ចបើកផ្លូវ និងហាមមិនឲ្យមានការឃាត់រថយន្តទាំងនោះ»។

បើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកែប កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ថា «ជុំវិញករណីឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលខាងលេីនេះ គឺអាចពាក់ព័ន្ធករណីពុករលួយ»។

លោកស្នងការរងរូបនេះ ក៍បានបន្ថែមថា «ករណីខាងលើនេះ គឺមន្ត្រី ACU បានជិះរថយន្តចំនួនបីគ្រឿង មានដូចជា រថយន្តហ្វ័ត រថយន្តឡង់គ្រីស័រ និងរថយន្តម៉ាស្ដា បានចុះទៅឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត រួចបញ្ជូនខ្លួនយកទៅសាកសួរតាមនីតិវិធី»។

ក្រោយមក នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្ត បានបញ្ជាក់ថា «ពិតជាមានការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ធបាលក្រុងកែបពិតមែន ប៉ុន្តែអាចជាការភាន់ច្រឡំ ហើយពួកគាត់ទាំង២នាក់ ក៏បានវិលត្រឡប់មកផ្ទះវិញហើយ»៕នាគស

ព័ត៌មានពេញនិយម