ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ទទួលបានលិខិត របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ចំនួន ២៨ រូប ផ្ដិតមេដៃ គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំផ្លាស់ប្តូរ លោក វរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាព។
យោងតាមលិខិតដែលចុះកាលបរិច្ឆេទ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា «គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាទីគោរពដ៏ខ្ពង់ខ្ពស់។
កម្មវត្ថុ៖ សំណើរសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប»។
លិខិតបន្តថា «ការស្នើសុំនេះធ្វើឡើង ដោយសារទង្វើររបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើអោយមាន ការរិះគន់ពីស្ថានប័នពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ និងមហាជន បណ្តាលអោយអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់មានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងថ្នាក់ដឹកនាំ ធ្វើអោយមន្ត្រីនៅក្នុងអង្គភាពបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងអស់សេចក្តីទុកចិត្តគ្រប់ៗគ្នា »។
លិខិតដដែលបានបញ្ជាក់មូលហេតុថា «លោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច ខាងក្រោម៖
១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពអោយបានត្រឹមត្រូវតាមឋានានុក្រម ។
២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។
៣. បញ្ជាអោយមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិតបញ្ជាក់ក្នុង ករណីបាត់បង់សម្ភារះ ឬលិខិតឆ្លងដែន ជាដើម ធ្វើអោយភ្ញៀវទេសចរណ៍មិនសប្បាយចិត្ត។
៤. មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព
៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំលោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្ត សៀមរាប ។
៦.មិនចេះធ្វើផែនការណ៍ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។
៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ ។
៨. ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ ។
៩. ប្រេងសាំងដែលទទួលអគ្គស្នងការនគរបាលជាតិ ផ្តល់អោយអង្គភាពក្នុងមួយត្រីមាសជាង ១,០០០ លីត្រ សម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញ ភារកិច្ចតាមគោលដៅប្រចាំថ្ងៃ គាត់មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់ »។
គួររំលឹកជូនផងដែរថា កាលពីនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣នោះផងដែរ លោកឧត្តមសេនីយ៍ត្រី យឹម សុីយូណា អនុប្រធាននាយកដ្ឋានទទួលការងារបុគ្គលិក របស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ បានធ្វើការប្រជុំជួរ ត្រួតពិនិត្យកម្លាំង និងសួរនាំ ប៉ុន្តែ លោកវរសេនីយ៍ទោ ទី សុខឡែន ហាក់បង្ហាញអាកប្បកិរិយាមិនសមរម្យ និងមិនសាកសមជាកងកម្លាំង មិនគោរពថ្នាក់ដឹកនាំ ហើយក្នុងពេលនោះ លោកឧត្តមសេនីយ៍ត្រី បានសួរថា «តើលោកស្គាល់វិន័យកងកម្លាំង ០០៦ ដែរទេ?»(មានវីដេអូ)។
ជុំវិញករណីទាំង២ខាងលើនេះ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់ លោកវរសេនីយ៍ទោ ទី សុខឡែន តាមរយៈលេខទូរស័ព្ទ ០១២៦៩០១០១ នៅវេលាម៉ោង ១៥ និង ០២នាទី ប៉ុន្តែមានមនុស្សស្រីម្នាក់ ជាអ្នកលើកទូរស័ព្ទ និង បានប្រាប់ថា «អូ! ដោយដោយសារគាត់អត់នៅផងបង» និងធ្វើជាគ្មានសេវាទូរស័ព្ទហើយក៍ផ្ដាច់ការទំនាក់ទំនងទៅ។
ថ្នាក់ដឹកនាំ-មន្ត្រីនៅក្នុងអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបម្នាក់ក្នុងចំណោម ២៨នាក់ បានបញ្ជាក់តាមទូរស័ព្ទ ដោយសុំមិនបញ្ចេញឈ្មោះ មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ០៤ ខែមករាឆ្នាំ ២០២៤ នេះថា «ពិតជាមានរឿងបែបនេះមែន» ហើយថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប សូមគោរពទទូចស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាពិសេស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ និង ផ្លាស់ប្តូរ លោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីតួនាទីជាប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យបានលឿនដើម្បីកុំឲ្យបង្កការបែកបាក់សាមគ្គីភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពទាំងមូល និងជាពិសេសប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរនាយកដ្ឋាន នគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ៕នាគស
មានវីដេអូ៖