ខេត្តកែប៖ លោក ខេង យ័ន្ត អភិបាលក្រុងកែប និង លោក អុិន ហុន នាយករដ្ធបាលក្រុងកែប បានវិលត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ ACU នាំខ្លួនយកទៅសាកសួរ ក្រោយពីលោកបានបញ្ចប់កិច្ចប្រជុំមួយ។ នេះបើយោងតាម ការឱ្យដឹង របស់ ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ធបាលខេត្តកែប ប្រាប់មកកាន់អ្នកអ្នកសារព័ត៌មាន នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្ត បានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ធបាលក្រុងកែបពិតមែន ប៉ុន្តែអាចជាការភាន់ច្រឡំ ហើយពួកគាត់ទាំង២នាក់ ក៏បានវិលត្រឡប់មកផ្ទះវិញហើយ។
សូមរំលឹកជូនផងដែរថា កាលពីវេលាម៉ោង១១ និង ៣០ នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសដល់កម្លាំងជំនាញផែនព្រហ្មទណ្ឌទាំង២៥ទូទាំងរាជធានី-ខេត្ត ឲ្យជួយស្ទាក់ឃាត់រថយន្តចំនួន៣គ្រឿង ក្រោយមានការចាប់ លោក ខេង យ័ន្ត អភិបាលក្រុងកែប និង លោក អុិន ហុន នាយករដ្ធបាលក្រុងកែប។
ក្រោយមក នៅថ្ងៃដដែល សមត្ថកិច្ចបានឪ្យដឹងថា ដំបូងឡើយស្មានតែមានករណីចាប់ជំរិត ឬប្លន់ ប៉ុន្តែក្រោយមកទើបដឹងថា ជាកម្លាំងសមត្ថកិច្ចខាងអង្គភាពប្រឆាំងអំពើពុករលួយ ACU ទើបមានការប្រកាសឲ្យសមត្ថកិច្ចបើកផ្លូវ និងហាមមិនឲ្យមានការឃាត់រថយន្តទាំងនោះ។
បើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកែប កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ថា «ជុំវិញករណីឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលខាងលេីនេះ គឺអាចពាក់ព័ន្ធករណីពុករលួយ»។
លោកស្នងការរងរូបនេះ បានបន្ថែមថា ករណីខាងលើនេះ គឺមន្ត្រី ACU បានជិះរថយន្តចំនួនបីគ្រឿង មានដូចជា រថយន្តហ្វ័ត រថយន្តឡង់គ្រីស័រ និងរថយន្តម៉ាស្ដា បានចុះទៅឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត រួចបញ្ជូនខ្លួនយកទៅសាកសួរតាមនីតិវិធី។
អង្គភាពសារព័ត៌មានគូលែនដេលី នៅមិនទាន់អាចសុំធ្វើការបំភ្លឺ ពី លោក ខេង យ័ន្ត អភិបាលនៃគណៈអភិបាលក្រុងកែប ជុំវិញករណីនាំខ្លួនលោកទៅសួរនាំរបស់ ACU បាននៅឡើងទេថ្ងៃនេះ៕នាគស