ខេត្តសៀមរាប៖ បុរសអ្នករត់ផាសអាប់ ( PassApp ) ម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីត្រឡប់មកជាលើកទីពីរ ក្រោយបានចាប់ច្របាច់ក ខ្ទប់មាត់ គំរាម ដូនចាស់វ័យ ៧៥ឆ្នាំម្នាក់ មិនអោយស្រែក រួចធ្វើសកម្មភាព រើកកាយកន្រ្តក និងយកលុយ រួចក៏លោតចុះពីលើផ្ទះទៅបាត់ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ(ដូនចាស់) ដែលស្ថិតក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ពួន ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ វិជ្ជមានសារធាតុញៀន មុខរបរ អ្នករត់ផាសអាប់ ទីកន្លែងកំណើត សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ពន្ធ័ករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា (ចាប់ច្របាច់ក)។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហាង រឿម ភេទស្រី អាយុ ៧៥ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ប្រភពដដែលបានបន្តថា ដូនចាស់ដែលរងគ្រោះ បានបំភ្លឺថា សព្វថ្ងៃខ្លួនរស់នៅមិនមានគ្រួសារទេ គឺរស់នៅផ្ទះតែម្នាក់ឯង ។ ជាក់ស្ដែងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១ និង ៣០នាទី រសៀល ខ្លួនកំពុងដេកលើអង្រឹងនៅលើផ្ទះ ស្រាប់តែមានជនល្មើសម្នាក់បានឡើងមកលើផ្ទះស្ទុះចាប់ខ្ទប់មាត់ខ្លួនហើយកាច់ក គំរាមមិនអោយខ្លួនស្រែក ។ ភ្លាមៗនោះខ្លួនក៏សំពះអង្វរជនល្មើសនោះអោយទុកជីវិតអោយខ្លួនផង ។ ពេលនោះជនល្មើសនក៏ចាប់ផ្ដើមរើកកាយកន្រ្តកដាក់លុយ និងយកលុយ ២០០.០០០រៀល (ម្ភៃម៉ឺនរៀល) រួចក៏លោតចុះពីលើផ្ទះរត់ទៅតាមផ្លូវក្រោយបាត់ ។ ប៉ុន្តែបន្តិចក្រោយមកជនល្មើសនោះឡើងលើផ្ទះម្តងទៀតចាប់ផ្តើមធ្វើសកម្មភាពរើកកាយទូដាក់ខោអាវ និងឥវ៉ាន់ខ្លួន ។ នៅពេលជនល្មើសនោះកំពុងរើឥវ៉ាន់ ខ្លួនក៏លបដើរយឺតៗចុះមកក្រោមផ្ទះ ហើយស្រែកហៅអ្នកជិតខាងអោយជួយ និងរាយការណ៍ជូនសមត្ថកិច្ចរហូតឃាត់ខ្លួនជនល្មើសបានតែម្ដង ។
ប្រភពបានបញ្ជាក់ថា ក្រោយពីធ្វើកាឃាត់ខ្លួន ជនល្មើសបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដើរឡើងទៅលើផ្ទះ របស់ជនរងគ្រោះ និងប្រើហិង្សាដើម្បីយកប្រាក់ពិតប្រាកដមែន។ សមត្ថកិច្ច ក៍ដកហូតវត្ថុតាងមាន ប្រាក់ចំនួន ២០ ម៉ឺនរៀល ដែលប្រាក់របស់ជនរងគ្រោះ និង ទូរស័ព្ទម៉ាកណូគាស៊េរីចាស់ចំនួន ០១ គ្រឿង របស់ជនល្មើស។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាន សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រគម កសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធីហើយ៕នាគស