រាជធានីភ្នំពេញ៖ វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា ជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង ជាដុំដុំសរសៃប្រសាទ ដែលកើតចេញពីស្រោម នៃសរសៃបញ្ជា (Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។
វេជ្ជបណ្ឌិតជំនាញបានបន្តថា រោគសញ្ញាជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង មានអាការៈឈឺចាប់ដៃ ជើង ស្ពឹកដៃជើង ទន់ដៃជើង មិនអាចបញ្ជាលើការបន្ទោរបង់បាន និងលក្ខណៈពិសេសមួយទៀតនោះគឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់។ ហើយការវិវត្តន៍របស់ជំងឺនេះ គឺវាអាចមានការរីកធំទ្បើងបន្តិចម្តងៗរបស់ដុំសាច់ ដោយស្តែងទ្បើងដោយការឈឺចុកចាប់ ស្ពឹក និងអាចឈានទៅរកពិការភាពអស់មួយជីវិត។
វេជ្ជបណ្ឌិតជំនាញបានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យដើម្បីដឹងច្បាស់ក្នុងករណីនេះ ត្រូវពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងការថតដោយអឹម រាយ (IRM)។
វេជ្ជាបណ្ឌិតជំនាញដដែលបានបញ្ជាក់អំពីការព្យាបាលថា
មានតែវិធីវះកាត់យកចេញទេ ដែលជាជំរើសដ៏ល្អបំផុតសំរាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។
«ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់»៕KD
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ