ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០២នាក់បន្ថែមទៀត បន្ទាប់ពីឃាត់បានបក្សពួកមុនម្នាក់ ក្នុងករណីលួចម៉ូតូ ២គ្រឿង នៅ០២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះមាន
ទី១ មានឈ្មោះ នួន ប៊ុនទេពីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់អូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ទី២ មានឈ្មោះ ភឿង ឡាំ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប។
ទី៣ មានឈ្មោះ ចេក បញ្ញា ជននេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។
សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ នួន ប៊ុនទេពីន បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ បិទតែម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប ១N-២៤៧៥ ជាមួយបក្ខពួកឈ្មោះ ភឿង ឡាំ ពិតមែន ដោយខ្លួនជាអ្នកចូលទៅលួច ហើយយកខ្សែភ្លើងតភ្ជាប់ដើម្បីបញ្ឆេះ ហើយបក្ខពួកខ្លួនឈ្មោះ ភឿង ឡាំ ជាអ្នកចាំមើលផ្លូវ។ ហើយជនសង្ស័យ ឈ្មោះ នួន ប៊ុនទេពីន ក៍បានឆ្លើយបន្ថែមទៀតថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៥ និង ៥៥នាទី នៅចំណុចក្រោមបន្ទប់ជួល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រូបខ្លួនបានលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប១X-០៥០២ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ ចេក បញ្ញា ភេទប្រុស (សមត្ថកិច្ចឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ) ផងដែរ ដោយផ្លាកលេខខ្លួនបានដោះបោះចោលក្នុងប្រឡាយ តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង។ ដូចគ្នានេះដែរជនសង្ស័យឈ្មោះ ភឿង ឡាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកបក្ខពួកឈ្មោះ នួន ប៊ុនទេពីន ទៅលួចម៉ូតូពិតមែន ដោយខ្លួនជាអ្នកមើលផ្លូវ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងបេសកកម្មពេលក្រោយនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ដកហូតបានវត្ថុតាង ម៉ូតូ០១គ្រឿង និងអាវម៉ូតូ០១ឈុត ដែលជនសង្ស័យបានលួច ជាមួយបក្ខពួកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ហើយការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល ឈ្មោះនួន ប៊ុនទេពីន វិជ្ជមាន។ បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននឹងកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីហើយ៕នាគស