Friday, October 18, 2024

សមត្ថកិច្ចស្រុកស្វាយលើឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ខេត្តសៀមរាប៖ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ឃាត់ខ្លួនបុរសម្នាក់ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិអ្នកដ៍ទៃ ប្រព្រឹត្តនៅផ្ទះជនរងគ្រោះ ក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ០៧ និង ៣០ នាទី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលឃាត់ខ្លួនបាននោះមានឈ្មោះ ហ៊ាន ចាន់ឌី អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ឈៀង ឆាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ បានចោទ ជនសង្ស័យថា បានធ្វើសកម្មភាពលួច ផ្ទាំងសូឡា អាគុយ និងម៉ាស៊ីនបាញ់ស្មៅ នៅផ្ទះរបស់ខ្លួន នៅពេលដែលជនរងគ្រោះទៅចងគោ មានចម្ងាយពីផ្ទះប្រហែល ៣០០ម៉ែត្រ។ នៅវេលាម៉ោង ០៧ និង ៣០នាទី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះភ្លាម ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើ សកម្មភាពលួចយក ម៉ាស៊ីនបាញ់ស្មៅចំនួន ០២គ្រឿង និងផ្ទាំងសូឡា ០១ផ្ទាំង អាគុយ ០១ ចេញពីផ្ទះរបស់ជនរងគ្រោះដល់ផ្លូវគ្រួសក្រហម ហើយបំរ៉ុងគេចខ្លួន។ បានឃើញដូចនោះជនរងគ្រោះ បានរាយការជូនមេភូមិ ប្រជាការពារ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ  ប្រគល់ជូនសមត្ថកិច្ច ធ្វើការសាកសួរ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យរួចមកលទ្ធផលវិជ្ជមាន ហើយចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ាន ចាន់ឌី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិខាងលើ ដូចការចោទប្រកាន់ របស់ជនរងគ្រោះមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំនុំរឿង និងបញ្ជួនបន្តតាមនីតិវិធីហើយ៕នាគស

ព័ត៌មានពេញនិយម