ខេត្តសៀមរាប៖ ស្ត្រីជនជាតិអាមេរិកកាំង ត្រូវបានប្រទះឃើញស្លាប់ ពេលស្នាក់នៅបណ្ដោះអាសន្ន ក្នុងបន្ទប់លេខ៣០១ នៃសណ្ឋាគារ បូឌីខនន័រ ( BODEE CORNER ) ដែលស្ថិតនៅកែងរវាងផ្លូវវត្តបូព៌ និងផ្លូវលេខ២៥ ក្នុងក្រុមទី១២ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១១ និង ៥៥ នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់មកកាន់អង្គភាពសារព័ត៌មានគូលែនដេលីនៅរសៀលថ្ងៃដដែល។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកាំងដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ EVANS JUANITA WOODS អាយុ ៨១ ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ A២២៧៨៦២៣០ មានទីលំនៅបណ្ដោះអាសន្ន ក្នុងសណ្ឋាគារខាងលើ។
សមត្ថកិច្ចដដែលបានបន្តថា ស្ត្រីម្នាក់ឈ្មោះ កែវ សុខុម អាយុ ៤២ ឆ្នាំ មានទីលំបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកគ្រប់គ្រងសណ្ឋាគារបានឲ្យដឹងថា «កាលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ មានជនបរទេសពីរនាក់ម្ដាយ(ម្ដាយសព) និងកូន បានមកជួលបន្ទប់សណ្ឋាគារស្នាក់នៅរយៈពេលបីខែ ខ្ញុំក៏បាននាំគាត់ទៅដាក់នៅជាន់ទី ៣ បន្ទប់លេខ៣០១។ ក្នុងពេលស្នាក់នៅខ្ញុំឃើញគាត់សុខភាពធម្មតា ជាក់ស្ដែងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១១ និង ០០ នាទី កូនប្រុសរបស់គាត់(សព)បានចុះមកប្រាប់ពួកខ្ញុំថា ម្ដាយខ្លួនស្លាប់បាត់ទៅហើយ ឲ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ចផង។
បន្ថែមលើនេះទៀត កូនប្រុសរបស់សព ដែលមានឈ្មោះ WOODS ADIOUS MACIO អាយុ ៥៩ ឆ្នាំ ជាជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ A០៤០៨៥២៣៦ ដែលស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ ផងដែរនោះបានប្រាប់ឲ្យដឹងថា «រូបខ្ញុំ និងម្តាយបង្កើត បានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងគោលបំណង ធ្វើទេសចរណ៌។ ពេលមកដល់ ខ្ញុំបានចូលមកស្នាក់នៅក្នងសណ្ឋាគារ ទីតាំងកើតហេតុខាងលើ បានរយៈពេល២៤ថ្ងៃ មកហើយ។ កំឡុងពេលស្នាក់នៅ ជាមួយគាត់ ខ្ញុំសង្កេតឃើញថាគាត់មាអាក្ការៈឈឺម្តងម្កាលបែបជំងឺចាស់ជរា ទើបតែរយៈពេល០៨ថ្ងៃ ចុងក្រោយនេះ គាត់មានអាក្ការៈខ្សោយ អស់កម្លាំងខ្លាំង សម្រាកនៅតែក្នុងបន្ទប់ ហើយពុំបានទៅទទួលការព្យាបាលនៅមន្ទីរពេទ្យទេ។ លុះដល់វេលាម៉ោង១១ និង ៥០ នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ គាត់ចាប់ផ្តើមមានអាក្ការៈ ហត់ដង្ហក់ខ្លាំង ខ្ញុំបានជួយសង្គ្រោះបឋមអោយគាត់អស់រយៈពេលប្រហែល ០៥ នាទី គាត់ក៏បានស្លាប់ បន្ទាប់មក ខ្ញុំបាទបានប្រាប់ទៅអ្នកគ្រប់គ្រងក្នុងសណ្ឋាគារអោយជួយរាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យសមត្ថកិច្ចសន្និដ្ឋានបានថា ស្ត្រីជនជាតិអាមេរិកាំងដែលបានស្លាប់នេះ គឺដោយសារ «ដាច់សសៃឈាមខួរក្បាល»។ ដោយមានការសម្រេចពីស្ថានទូតអាមេរិកកាំងប្រចាំប្រទេសកម្ពុជា សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនលោក WOODS ADIOUS MACIO ដែលត្រូវជាកូនប្រុសបង្កើតរបស់សព យកធ្វើបុណ្យតាមប្រពៃណី៕នាគស