រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី23 ខែធ្នូ ឆ្នាំ2023កន្លងទៅ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep overland ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បុកបុរសម្នាក់ស្លាប់ភ្លាមៗ បានចូលទៅប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញហើយ និង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួន ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) តាមអំណាចដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ 8527 “ហ” ដ.ព.ស របស់ចៅក្រមស៊ើបសួរ ហុង ម៉ារីណិច ចុះថ្ងៃទី 24 ខែធ្នូ ឆ្នាំ2023។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី14 ខែធ្នូ ឆ្នាំ2023កន្លងទៅ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួនហើយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តថា នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង 11ព្រឹក ថ្ងៃទី23 ខែធ្នូ ឆ្នាំ2023កន្លងទៅ»។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួន ឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ភេទប្រុស អាយុ 23ឆ្នាំ (កើតថ្ងៃទី15 ខែតុលា ឆ្នាំ2000) ជនជាតិខ្មែរ ទីកន្លែងកំណើតនៅផ្ទះលេខ៥២ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សាសនាព្រះពុទ្ធ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិស្សិត ឪពុកឈ្មោះ ព្រហ្ម វិចិត្រសុភា រស់ ម្តាយឈ្មោះ សុខ លីណា រស់” នៅលីវ ទោសពីមុនគ្មាន កម្រិត វប្បធម៌ កំពុងសិក្សាថ្នាក់អនុបណ្ឌិត ជានីតិជន ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ)តាមអំណាចដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ 8527 “ហ” ដ.ព.ស របស់ចៅក្រមស៊ើបសួរ ហុង ម៉ារីណិច ចុះថ្ងៃទី 24 ខែធ្នូ ឆ្នាំ2023។ ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន គោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅ ចំណុចផ្លូវលេខ317 ប្រសព្វផ្លូវលេខ566 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី18 ខែ ធ្នូ ឆ្នាំ2023 តាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា 583 នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបជូនថា កាលពីថ្ងៃទី19 ខែធ្នូ ឆ្នាំ2023កន្លងទៅ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ
ចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីបង្ខំឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ឲ្យចូលបង្ហាញខ្លួនបាន ក្រោយពីបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ហើយមិនដឹងថានៅទីណា បន្ទាប់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាអោយស្រាវជ្រាវករណីរថយន្ត Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បុកមនុស្សស្លាប់។
តាមរយៈដីកាបញ្ជាបានឱ្យដឹងថា បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ 7280 ចុះថ្ងៃទី19 ខែធ្នូ ឆ្នាំ2023 របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។ បានឃើញរបាយការណ៍បញ្ជូនលេខ 585 ចុះថ្ងៃទី18 ខែធ្នូ ឆ្នាំ2023 របស់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ។
ដីកាបញ្ជាដដែលបន្តថា យល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សស្លាប់ ដែលបង្កឡើងដោយភាគីអ្នក បើកបររថយន្ត។ មានភស្តុតាងបង្ហាញថាឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ជាអ្នកបើកបររថយន្ត ប៉ុន្តែក្រោយពីបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ហើយមិនដឹងថានៅទីណា ។
តាមរយៈដីកាបញ្ជាបានបញ្ជាក់ថា ដើម្បីធានាដល់ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ហេតុដូច្នេះចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំបុគ្គល ឈ្មោះ ព្រហ្ម វិចិត្រសុសគ្នា ភេទប្រុស កើតថ្ងៃទី15 ខែតុលា ឆ្នាំ2000 ជនជាតិខ្មែរ អាសយដ្ឋានស្នាក់នៅផ្ទះលេខ52 ផ្លូវលេខ63 ភូមិ13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ បង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី09 ខែមករា ឆ្នាំ2024 នៅរៀងរាល់ម៉ោងធ្វើការដើម្បីធ្វើការស្តាប់ចម្លើយ ។
ដីកាបញ្ជាដដែលបានបញ្ជាក់ក្នុងសម្គាល់បន្ថែមថា ដីកានេះអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលដែលជាកម្មវត្ថុនៃដីកានេះឲ្យចូលបង្ហាញខ្លួនបាន។
មហាជនបានលើកឡើងថា ដោយសារតែមានការចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីបង្ខំជនបង្កខាងលើ ទើបបានជាចូលមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ មុនថ្ងៃកំណត់យ៉ាងដូច្នេះ៕នាគស