រាជធានីភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញនូវ សេចក្តីថ្លែងការណ៍លេខ ពិសេស អ.អ.រ បញ្ជាក់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
យោងតាមលិខិតនោះបានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួង បរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាព ដូចពីមុនទៀត។
លិខិតដដែលបន្តថា អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតី បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយ គ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។ លិខិតថ្លែងការណ៍នោះបញ្ជាក់ថា ត្រង់ចំណុចនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ អាស្រ័យហេតុនេះសូមសាធារណជនជ្រាប៕នាគស