Sunday, November 24, 2024

ក្រសួងមហាផ្ទៃ សម្រេចបណ្តេញនគរបាល នៃស្នងការដ្ឋាននគរបាលព្រៃវែង ១១រូប ចេញពីក្របខណ្ឌនគរបាលជាតិ ក្រោយពីធ្វើតេស្តរកឃើញសារធាតុញៀន

រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើប្រកាសបណ្ដេញចេញពីគ្រាប់ខណ្ឌមន្ត្រីនគរបាលជាតិ ចំនួន២ ដែលមាន លេខ ៥៩៨៣ ប្រក និង ៥៩៨៤ ប្រក សម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ដែលជាកម្លាំងស្ថិតក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌបន្ទាប់ធ្វើតេសឃើញមានសារធាតុញៀន។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបន្តថា ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង បញ្ជាក់ថា នៅមានមួយចំនួនបន្តបន្ទាប់ទៀតដែលអង្គភាពចំណុះក្រសួងមហាផ្ទៃបានរកឃើញ និងកំពុងបន្តនីតិវិធីជំនាញ តាមបទបញ្ជារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕នាគស

ព័ត៌មានពេញនិយម