Monday, November 25, 2024

បុរសជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងផ្ទះមួយកន្លែង កណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ចំពោះករណី បុរសជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត នៅចំណុច:ផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុមទី៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនៅវេលាម៉ោង ០៨ និង ០០នាទីថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិជប៉ុនដែលបានស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ KAWATSU NOBUTAKA អាយុ ៨៤ ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ MZ ១២៣៣៣២៦ មានទីលំនៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ ស្ត្រីជនជាតិស្វីស ឈ្មោះ KAWATSU SUSANNE អាយុ ៨០ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X៣១៦៤២៣០ មានទីលំនៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ ត្រូវជាប្រពន្ធរបស់សព បានឲ្យដឹងថា «ខ្ញុំបានរៀបការនិងរស់នៅជាមួយគាត់រយៈពេល ៤០ឆ្នាំ មកហើយ ក្រោយមកពួកខ្ញុំបានទៅធ្វើការនិងរស់នៅសហរដ្ឋអាមេរិក ដល់ពេលចូលនិវត្ត ក្នុងឆ្នាំ ២០២០ ពួកខ្ញុំក៏សម្រេចចិត្តមករស់នៅប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ពីមុនមកគាត់មិនដែលមានជំងឺអ្វីនោះទេ លុះដល់អំឡុងឆ្នាំ ២០២៣ គាត់មានអាការៈមិនសូវស្រួលខ្លួនក្អកខ្លាំងៗ ហើយបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរជប៉ុនក្នុងបុរីសៀងណាំ ២ និងមន្ទីសម្រាកព្យាបាលសង់តេ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ដូចគ្នាថាគាត់មានជំងឺរលាកក្រពះធ្ងន់ធ្ងរ នៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២៣ ខ្ញុំបាននាំគាត់ទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរជប៉ុន រហូតដល់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៣ ដោយអាការៈរបស់គាត់ពុំបានធូរស្រាលខ្ញុំក៏នាំគាត់ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួនពីរថ្ងៃ រហូតដល់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២៣ ខ្ញុំបានសុំពេទ្យយកគាត់មកសម្រាកនៅផ្ទះវិញ ហើយបានជួលពេទ្យឯកជនមកថែទាំជំងឺរបស់គាត់ដល់ផ្ទះតែជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ ជាក់ស្ដែងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ០០ នាទីគាត់បានស្លាប់ទៅ»។

សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋានបានថា ការស្លាប់របស់បុរសជនជាតិជប៉ុនខាងលើ គឺដោយសារ មហារីកបំពង់អាហារ។ បច្ចុប្បន្ន ដោយមានការសម្រេចពីស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប សាកសពត្រូវបានសមត្ថកិច្ចបានប្រគល់ជូនលោកស្រី KAWATSU SUSANNE ត្រូវជាប្រពន្ធរបស់សព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម