Saturday, November 23, 2024

ពិធីបើកវគ្គបណ្តុះបណ្តាល ពង្រឹងជំនាញដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចខេត្តសៀមរាបក្នុងសកម្មភាពស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩

កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ១លាននាក់ និង២លាននាក់នៅឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមការប៉ាន់ស្មាន រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនឹងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈសម្រាប់ខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ” នៅខេត្តសៀមរាប ថ្ងៃទី១៩ខែសីហាឆ្នាំ២០២២។

 

របាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា គិតត្រឹមឆមាសទី២ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជាមានចំនួនជាង ៥០ម៉ឺននាក់ កើនឡើងក្នុងអត្រា ៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ បើគិតជាមធ្យមទេសចរអន្តរជាតិចូលមកប្រទេសកម្ពុជាប្រមាណ ៥,០០០ ទៅ៥,៦០០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ខេត្តសៀមរាបរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិសរុបចំនួនជាង៨ម៉ឺននាក់ និង ជើងហោះហើរ ៥៥០លើក។ តាមរយៈទិន្នន័យនេះ បានបង្ហាញថាវិស័យទេសចរណ៍របស់ខេត្តសៀមរាបបានចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗ នៅក្នុងបរិបទនៃការរស់នៅ ការធ្វើអាជីវកម្ម និងការផ្តល់សេវាកម្មទេសចរតាមបែបគន្លងថ្មី។

 

ជាមួយនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លើកឡើងថា រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការពិនិត្យ និងរៀបចំគោលដៅសក្តានុពលទេសចរណ៍ថ្មីៗ នៅតាមបណ្តាស្រុកនានាក្នុងខេត្ត ព្រមទាំងជំរុញលើកទឹកចិត្តអ្នកវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសគឺការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកស្នាក់នៅតាមតំបន់រមណីយដ្ឋានថ្មីៗបន្ថែមទៀត ដែលជាតំបន់ក្រៅពីតំបន់រមណីយដ្ឋានអង្គរ។ ទន្ទឹមនោះ សិក្ខាសាលាផ្សព្វផ្សាយ ពីវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់ សម្រាប់ទ្រទ្រង់ដល់វិស័យទេសចរណ៍ខេត្តសៀមរាបដោយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បុគ្គលិកជំនាញដែលធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍បានងាកទៅបម្រើការនៅក្នុងវិស័យផ្សេងដែលមិនមែនជាជំនាញរបស់ខ្លួន ដែលធ្វើឱ្យធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាបបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ។

 

លោកអភិបាលរងខេត្ត ក៏បញ្ជាក់ដែរថា តាមយរៈសិក្ខាសាលានេះ ក៏បានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់យើងទាំងអស់គ្នា ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ដែលនឹងចូលមកទស្សនាខេត្តសៀមរាបនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។

 

អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានប្រសាសន៍ថា៖ ទន្ទឹមនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ សម្រាប់ខេត្តសៀមរាបនេះ គឺទាមទារឱ្យមានការបណ្តុះបណ្តាលសមត្ថភាពជំនាញដល់បុគ្គលិក ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលវាជាមូលដ្ឋានយុទ្ធសាស្ត្រនៃការពង្រឹងគុណភាពសេវាកម្ម។ ហេតុនេះសូមលើកទឹកចិត្តដល់រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត វិស័យឯកជន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូរទាំងអស់ ពិនិត្យលទ្ធភាពជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឲ្យបានកាន់តែផុលផុស នូវគ្រប់ទម្រង់នៃការបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម (In-house training) ដែលបង្រៀនដោយគ្រូបង្គោល ហូកា ជាយន្តការនៃគណៈកម្មការគ្រប់គ្រងគម្រោង ហូក។

ព័ត៌មានពេញនិយម