Saturday, November 23, 2024

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីបង្ខំឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ឲ្យចូលបង្ហាញខ្លួនបាន បន្ទាប់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាអោយស្រាវជ្រាវករណីរថយន្ត Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បុកមនុស្សស្លាប់

រាជធានីភ្នំពេញ៖ ថ្ងៃទី19 ខែធ្នូ ឆ្នាំ2023នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីបង្ខំឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ឲ្យចូលបង្ហាញខ្លួនបាន ក្រោយពីបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ហើយមិនដឹងថានៅទីណា បន្ទាប់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាអោយស្រាវជ្រាវករណីរថយន្ត Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បុកមនុស្សស្លាប់។

តាមរយៈដីកាបញ្ជាបានឱ្យដឹងថា បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ 7280 ចុះថ្ងៃទី19 ខែធ្នូ ឆ្នាំ2023 របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។ បានឃើញរបាយការណ៍បញ្ជូនលេខ 585 ចុះថ្ងៃទី18 ខែធ្នូ ឆ្នាំ2023 របស់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ។

ដីកាបញ្ជាដដែលបន្តថា យល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សស្លាប់ ដែលបង្កឡើងដោយភាគីអ្នក បើកបររថយន្ត។ មានភស្តុតាងបង្ហាញថាឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ជាអ្នកបើកបររថយន្ត ប៉ុន្តែក្រោយពីបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ហើយមិនដឹងថានៅទីណា ។

តាមរយៈដីកាបញ្ជាបានបញ្ជាក់ថា ដើម្បីធានាដល់ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ហេតុដូច្នេះចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំបុគ្គល ឈ្មោះ ព្រហ្ម វិចិត្រសុសគ្នា ភេទប្រុស កើតថ្ងៃទី15 ខែតុលា ឆ្នាំ2000 ជនជាតិខ្មែរ អាសយដ្ឋានស្នាក់នៅផ្ទះលេខ៥២គេ ផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ បង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី09 ខែក ឆ្នាំ2024 នៅរៀងរាល់ម៉ោងធ្វើការដើម្បីធ្វើការស្តាប់ចម្លើយ ។

ដីកាបញ្ជាដដែលបានបញ្ជាក់ក្នុងសម្គាល់បន្ថែមថា ដីកានេះអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលដែលជាកម្មវត្ថុនៃដីកានេះឲ្យចូលបង្ហាញខ្លួនបាន។ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃ 19 ខែធ្នូ ឆ្នាំ2023 នេះថា «សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី14 ខែធ្នូ ឆ្នាំ2023 វេលាម៉ោង10 និង 29នាទី បច្ចុប្បន្នសមត្ថកិច្ចទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមកចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធករណីនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យនៅថ្ងៃបន្ទាប់ពីកើតហេតុមកម្ល៉េះ។ ប៉ុន្តែជនសង្ស័យបានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកសាវតារជនសង្ស័យ ដើម្បីសុំដីកាពីតុលាការតាមចាប់ឃាត់ខ្លួន»។

សូមជម្រាបជូនថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាអោយស្រាវ ជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បុកបុកជនរងគ្រោះជិះម៉ូតូស្លាប់នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ2023 ជនបង្កនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។”លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាន បញ្ជាក់ថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី09 ខែមករា ឆ្នាំ2024។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។”

សូមរំលឹកសាជាថ្មីជូនថា រថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បេីកបុកជនរងគ្រោះ ជិះម៉ូតូ Honda Beat ពណ៌ស ផ្លាកលេខ ភ្នំពេញ 1DF-5396 បណ្ដាលអោយបុរសស្លាប់ នៅ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 2023 ម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ 52ដេ ផ្លូវលេខ 63 ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ចរកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕នាគស

ព័ត៌មានពេញនិយម