ខេត្តកំពត៖ អធិការរងក្រុងកំពត លោក មាស ពិសិដ្ឋ ត្រូវបានបណ្តេញ ចេញពីក្របខ័ណ្ឌនគរបាលជាតិហើយ។ នៅបើយោងតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងនៅ រសៀលថ្ងៃទី១៦ ខែធ្នូ នេះ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ឱ្យដឹងថា អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរ បាលជាតិ និងគោរពតាមអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀននិងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោល ការណ៏ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពី ក្របខ័ណ្ឌនគរបាលជាតិចំពោះ លោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា មូលហេតុដោយសារ លោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត បានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកំលាំងនគរបាលជាតិ។ ហើយនេះក៍ជាសារព្រមានដល់កងកំលាំងទាំងអស់នៃស្នងការរដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន៕នាគស