Saturday, November 23, 2024

មន្ទីរពេទ្យកាល់ម៉ែត្រ ប្រាប់ពីវិធីសាស្ត្រដើម្បីព្យាបាលជំងឺឬសដូងបាត “ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហស័ !”

រាជធានីភ្នំពេញ៖ ជំងឺឬសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឬសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។

មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា ជំងឺឬសដូងបាតមាន ២ប្រភេទគឺ៖ ឬសដូងបាតក្រៅ ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតនៅខាងក្រៅរន្ធគូថ។ ឬសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតខាងក្នុងរន្ធគូថ។

មន្ទីរពេទ្យកាល់ម៉ែត្រ បានបន្តថា វិធីអ្វីដើម្បីព្យាបាលជំងឺឬសដូងបាតមាន៖

ក) ចំពោះបញ្ហាឬសដូងបាតខាងក្រៅ៖ អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឬសដូងក្រៅនោះចេញ បើសិនជាដុំឬសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។

ខ) ចំពោះបញ្ហាឬសដូងបាតក្នុង៖ ជាការព្យាបាលចម្បងគឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមកមានដូចជាការទល់លាមកឬការរាគ។ មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឬសដូងបាតមានដូចជាៈ

– ការដុតកំដៅ(Infrarouge photocoagulation)

– ការចាក់ (Sclérothérapie)

– ការចង (Ligature)

ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាល របស់រោគសញ្ញាឬសដូងបាតៈ

• ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកំដៅឬការចាក់

• ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង

• ចំពោះការវះកាត់ឬសដូងបាត គឺធ្វើឡើងចំពោះឬសដូងបាតនៅកម្រិតទី ៤ ឬ ឬសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។

មន្ទីរពេទ្យកាល់ម៉ែត្របានបញ្ជាក់ឱ្យដឹងថា ជំងឺឬសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជាជំងឺឬសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាលគូថដែលជាបញ្ហាធ្ងន់ធ្ងរ។

មន្ទីរពេទ្យកាល់ម៉ែត្របានបញ្ជាក់បន្ថែមដោយការលើកទឹកចិត្តចំពោះអ្នកជំងឺថា “ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហស័ !”៕នាគស

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានពេញនិយម