ខេត្តប៉ៃ លិន៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការ និងឯកឧត្តមសាស្ត្រាចារ្យ សាន់ ចន្ទសឿង ទីប្រឹក្សាក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាព និងពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាពក្នុងខេត្តប៉ៃ លិន លើសកម្មភាពចំនួន៥ ចាប់ពីថ្ងៃទី១២ ដល់ថ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៣។
តាមរបាយការណ៍ដែលទទួលបាន ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពបានចំនួន៤ រួមមាន មណ្ឌលសុខភាពសួនកុមារ អូរច្រាល ភ្នំស្ពង់ និងមណ្ឌលសុខភាពផ្សារព្រំ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត ពង្រឹងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា បេសកកម្មនេះដែរក៏មានការអញ្ជើញចូលរួម ពីអភិបាលនេះ ក្រុមការងារបានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្រ្តី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃ លិន ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៥ ចំនុច៖
១. ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពបរិស្ថានជុំវិញ
២. លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវា
៣. ការបំពាក់សម្ភារ បរិក្ខារ និងឱសថ
៤. ធនធានមនុស្ស និងការគ្រប់គ្រង
៥. ប្រចាំការ និងបម្រើសេវា ២៤ម៉ោង/៧ថ្ងៃ។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមជំរាបជូនផងដែរថា ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល បាននឹងកំពុងចុះធ្វើកិច្ចអភិបាលនេះជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការថែទាំ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិតផ្ទះគាត់ ឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយអាទិភាពលើវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕នាគស