Thursday, November 21, 2024

អ្នកនាំពាក្យរាជរដ្ឋាភិបាលថា «សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ»

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ នេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញនូវសេចក្ដីថ្លែងការណ៍ថា «សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ»។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរនិងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»៕នាគស

ព័ត៌មានពេញនិយម