Thursday, November 21, 2024

នាវាទេសចរណ៍ខ្នាតយក្ស Westerdam នឹងមកដល់កម្ពុជាសារជាថ្មី បន្ទាប់កម្ពុជា ផ្ដល់នូវការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ ក្នុងពេលពិភពលោកប្រឈមនឹងការឆ្លងជំងឺរាតត្បាតកូវីត១៩

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នាំមកនូវភ្ញៀវទេសចរចម្រុះជាតិ សាសន៍ជិត៤ពាន់នាក់ នឹងមកដល់កម្ពុជាសារជាថ្មី បន្ទាប់កម្ពុជា ផ្ដល់នូវការសង្គ្រោះជីវិត ពីភាពតែលតោលនៅសមុទ្រ ក្នុងពេលពិភពលោកប្រឈមនឹងការឆ្លងជំងឺរាតត្បាតកូវីត១៩។

សូមរំលឹកជួនផងដែរថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នេះ ត្រូវបានសម្ដេច តេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអនុញ្ញាតដោយមិនអល់អែក ឲ្យនាវាចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ដែលកាលពីពេលនោះមានប្រទេសចំនួន៤ និង កោះចំនួន២ ធ្វើការបដិសេធដោយមិនអនុញ្ញាតឲ្យនាវានេះចូលចតនោះឡើយ។

ក្នុងភាពអស់សង្ឃឹមនាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក នេះ បានរសាត់អណ្តែត តែលតោល លើលម្ហមហាសាគរ អស់ រយៈពេល ១២ ថ្ងៃ ព្រោះតែគេមានការសង្ស័យថាមនុស្សលើនាវា មានផ្ទុកមេរោគកូវីដ១៩។

បន្ទាប់ពីទទួលអនុញ្ញាតភ្លាម នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិកនេះ បានចូលចតនៅកម្ពុជា ដោយក្ដីសង្ឃឹមក្នុងជីវិត មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៍បានបង្ហាញនូវវត្តមានដ៏ខ្ពង់ខ្ពស់ អញ្ជើញទៅទទួលភ្ញៀវ ទេសចរចុះពីនាវាដោយផ្ទាល់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ សម្ដេចតេជោ បាននាំយកនូវផ្កាកុលាប ទៅប្រគល់ជូនអ្នកទាំងនោះថែមទៀតផង។

ក្នុងគ្រាដែលប្រកបដោយក្ដីរំភើបនោះ គេសង្គេតឃើញថាអ្នកទេសចរនៅលើនាវានេះ បានបង្ហាញនូវសេចក្ដីរីករាយឥតឧបមា រហូតមានអ្នកខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណ ដល់ សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះ បានចូលចត ព្រមជាមួយនឹងការសម្រួលដល់ការធ្វើដំណើរបន្ត តាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

គេនៅចាំបានថា នាវា Westerdam របស់សហរដ្ឋអាមេរិកនេះ មានផ្ទុកអ្នកទេសចររហូតទៅដល់ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ឯណោះ ហើយការការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវាពេលនោះ សម្ដេច បានទទួលនូវការស្ញប់ស្ញែង និងផ្ដល់តម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ពីលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបណ្តាប្រទេស ដែលមានជនជាតិខ្លួន នៅលើនាវានេះ ពីមេដឹកនាំអង្គការ អន្តរជាតិ ជាច្រើន និងមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយ ពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕នាគស

ព័ត៌មានពេញនិយម