Monday, November 25, 2024

ស្ត្រីជនជាតិ អៀរឡង់ ម្នាក់ ដែលស្នាក់នៅសណ្ឋាគារ ឥណ្ឌូ ឆៃណាអង្គរ មានអាការៈ ហត់ខ្លាំង ឈឺដើមទ្រូងអន្ទះអន្ទែង ស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ បន្ទាប់ពីក្រុមគ្រូពេទ្យ បានព្យាយាមជួសង្គ្រោះ អស់រយៈពេលជាងមួយម៉ោង

ខេត្តសៀមរាប៖ ស្ត្រីជនជាតិ អៀរឡង់ ម្នាក់ ដែលស្នាក់នៅ សណ្ឋាគារ ឥណ្ឌូ ឆៃណាអង្គរ មានអាការៈ ហត់ខ្លាំង ឈឺដើមទ្រូង អន្ទះអន្ទែង បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដែលស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យនេះ បានព្យាយាមជួសង្គ្រោះបន្ទាន់ អស់រយៈពេលជាងមួយម៉ោង កាលពីវេលាម៉ោង ១៧ និង ១៧នាទី ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប មកកាន់អង្គភាពសារព័ត៌មាន គូលែនដេលី។

ប្រភពបានឱ្យដឹងថា ស្ត្រីជនបរទេសដែលបានស្លាប់នោះមានឈ្មោះ RICHARDS MARY JOSEPHINE អាយុ ៧០ ឆ្នាំ មុខរបរ ទេសចរណ៍ ជាជនជាតិ អ៊ែឡង់ កាន់លិខិតឆ្លងដែនលេខ PV៥៧៨៥១០៨ ស្នាក់នៅបណ្ដោះអាសន្ន សណ្ឋាគារ ឥណ្ឌូ ឆៃណាអង្គរ ស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា លោក ផូត ង៉ែត អាយុ ៤៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ វេជ្ជបណ្ឌិត ផ្នែកសង្គ្រោះបន្ទាន់ ប្រចាំមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានឱ្យដឹងថា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នំា ២០២៣ វេលាម៉ោង ១៣ និង ៤៥ នាទី ខាងមន្ទីរពេទ្យបានឲ្យឡានសង្គ្រោះបន្ទាន់ទៅយកអ្នកជំងឺម្នាក់ នៅសណ្ឋាគារឥណ្ឌូឆៃណាអង្គរ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ គាត់(អ្នកជំងឺ)មានអាការៈ ហត់ខ្លាំង ឈឺដើមទ្រូងអន្ទះអន្ទែង បន្ទាប់មកក្រុមការងារបានបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ បានរយៈពេលមួយម៉ោងជាង អាការៈរបស់គាត់នៅតែធ្ងន់ធ្ងរដដែល ក្រុមការងារក៏សម្រេចបញ្ជូនគាត់ទៅបន្ទប់ អាយ ស៊ី យូ រហូតដល់វេលាម៉ោង ១៦ និង ៤៥ នាទី បេះដូងរបស់គាត់ឈប់ដំណើរការ ក្រុមការងារបានជួយធ្វើចលនា និងឆក់បេះដូង ដើម្បីឲ្យចង្វាក់បេះដូងរបស់គាត់មានចលនាមកវិញ ប៉ុន្តែចង្វាក់បេះដូងរបស់គាត់បានចលនារយៈពេលមួយនាទីក៏បាត់ទៅវិញ រហូតដល់ម៉ោង ១៧ និង ១៧ នាទី ថ្ងៃខែឆ្នាំដដែលគាត់បានស្លាប់ទៅ។
ប្រភពបានបន្ថែមថា យោងតាមការបំភ្លឺរបស់ឈ្មោះ TAGG-BAILEY HANNAH KATHLEEN DORGAN ភេទស្រី អាយុ ៤៨ ឆ្នាំ ជនជាតិអៀរឡង់ កាន់លិខិតឆ្លងដែនលេខ ១២៨៧៣៨៣៩៤ មានទីលំនៅបណ្ដោះសន្ន ខុនដូស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាកូនបង្កើត របស់សពបានឲ្យដឹងថា ខ្ញុំនឹងស្វាមីបានមករស់នៅខេត្តសៀមរាបរយៈពេលមួយឆ្នាំជាងមកហើយ នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២៣ ម្ដាយរបស់ខ្ញុំ(សព)បានមកលេងខេត្តសៀមរាប ហើយខ្ញុំបាននាំគាត់ទៅស្នាក់នៅសណ្ឋាគារ ឥណ្ឌូ ឆាយណា អង្គរ ដោយគាត់ស្នាក់នៅតែម្នាក់ឯងទេ ហើយក្រោយមកខ្ញុំក៏បាននាំគាត់ជិះម៉ូតូរឺម៉កជុំវិញប្រាសាទនានា បរិវេណតំបន់អង្គរ ហើយខ្ញុំដឹងថាគាត់មានជំងឺប្រចាំកាយ ទឹកនោមផ្អែម លើសសម្ពាធឈាម និងបេះដូង ជាក់ស្ដែងនៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៣ គាត់មានអាការៈមិនស្រួលខ្លួនពិបាកដកដង្ហើម ខ្ញុំក៏បាននាំគាត់ទៅគ្លីនិកឯកជន មេឌីឃែ គ្រូពេទ្យនៅទីនោះពិនិត្យឃើញថាគាត់មានជំងឺរលាកសួត ហើយក៏ឱ្យថ្នាំយកមកញាំ ខ្ញុំក៏នាំគាត់មកសណ្ឋាគារវិញ តែដោយអាការៈរបស់គាត់ពុំបានធូរស្រាល នៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២៣ ខ្ញុំក៏បានខលហៅឡានសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីមកយកគាត់ទៅពិនិត្យនៅទីនោះ ពេលទៅដល់ក្រុមគ្រូពេទ្យបានជួយព្យាបាលនិងសង្គ្រោះ តែអាការៈរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ លុះដល់វេលាម៉ោង ១៧ និង ១៧ នាទី គាត់បានស្លាប់ទៅ។
ប្រភពបានបញ្ជាក់ថា យោងតាមការពិនិត្យសាកសពនៅសាលរក្សាសពក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ យោងតាមការបំភ្លឺពីសាក្សី និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ស្ត្រីជនជាតិ អៀរឡង់ ស្លាប់ដោយសារ គាំងបេះដូង ដោយបណ្ដាលមកពីស្ទះសសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅមន្ទីរពេទ្យអន្តរជាតិរយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូតសាម៉ី៕នាគស

ព័ត៌មានពេញនិយម