រាជធានីភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអះអាងថា មិនមានជនរងគ្រោះដែលបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការខុសច្បាប់ ឆបោកតាមអនឡាញ រហូតដល់ជាង១០ម៉ឺននាក់ ដូចការផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ហើយក៏បានច្រានចោលចំពោះព័ត៌មានដែលបានផ្សពផ្សាយតាមបណ្ដាសារព័ត៌មានមួយចំនួនផងដែរ។
ការប្រកាសច្រានចោលនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញជាធិបតីភាពក្នុងខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បន្តថា ក្នុងរយៈពេល ១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១,២១៣ករណី គឺប្រមាណ ៩៧.៧០%។ ក្នុងនោះ ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន២៥៩នាក់ ស្រី៤៨នាក់ មាន៧សញ្ជាតិ ដែលបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។ សមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសបាន៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ៣៥នាក់ (មានបួនសញ្ជាតិ)។ ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់ សរុប១០ករណី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមិទ្ធផលនៃលទ្ធផលតាមរយៈរបាយការណ៍នេះ ជាក់ស្ដែងបានរកឃើញក្នុងដែនដីកម្ពុជា អាចបញ្ជាក់ជាភស្ដុតាងជាក់ស្ដែងថា មិនមានជនរងគ្រោះដែលបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការខុសច្បាប់ ឆបោកតាមអនឡាញ រហូតដល់ជាង១០ម៉ឺននាក់ ដូចការផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីការលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងការលើកកម្ពស់សក្តានុពលនៃ ធនធានមនុស្ស សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹម និងជឿជាក់ថា ស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាននិងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្ស នឹងនៅតែបន្តកិច្ចសហការ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ញតាមគ្រប់រូបភាព
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា តាមរយៈទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូនេះ បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ប្រធានមន្ទីរ អង្គភាព ស្ថាប័នក្រោមឱវាទគ្រប់ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ កងកម្លាំងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន សូមពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានម៉ត់ចត់។ លើសពីនេះ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឲ្យធ្លាក់ខ្លួន ក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឲ្យបានត្រឹមត្រូវ, កែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឲ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍ របស់ពលករ៕KD