រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្រោមម្លប់ នៃសុខសន្ដិ ភាព ប្រជាពលរដ្ឋកម្ពុជាមានឱកាស និងជម្រើស ច្រើន ដើម្បីធ្វើការហ្វឹកហាត់កីឡាដែលខ្លួនចូលចិត្ត»។
មានប្រសាសន៍បែបនេះ ក្នុងអំឡុងពេលដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលរៀបចំទ្បើងដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើការកោតសរសើរចំពោះសមត្ថភាព និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី នៃកីឡារាំកម្ពុជា ដែលបានបង្ហាញនូវបច្ចេកទេសរាំដ៏ប៉ិនប្រសព្វ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។
បន្ថែមលើសនេះទៅទៀតនោះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន បន្ដជួយគាំទ្រទាំងផ្នែកថវិកា សម្ភារៈ បច្ចេកទេស និងទីកន្លែងហ្វឹកហាត់ដល់សហព័ន្ធកីឡារាំកម្ពុជា ដើម្បីបន្ដបេសកកម្ម និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ក្នុងវិស័យកីឡានេះ ឱ្យកាន់តែរីកចម្រើនថែមទៀត ។
លោកជំទាវបានមានប្រសាសន៍បញ្ជាក់ដោយការលើកទឹកចិត្តថា «ក្រោមម្លប់នៃសុខសន្ដិភាព ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ មានឱកាស និងជម្រើសច្រើន ទាំងពេលវេលា និងលទ្ធភាព ដើម្បីធ្វើការហ្វឹកហាត់កីឡា ដែលខ្លួនចូលចិត្ត ហើយបានវិវវឌ្ឍន៍ខ្លួនក្លាយជាធនធានដ៏ល្អសម្រាប់សង្គមរហូតមានសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ព្រមទាំងដណ្ដើមបានមេដាយកិត្តិយសជូនជាតិថែមទៀត»។
លោកជំទាវបណ្ឌិត ក៏បានធ្វើការផ្ដាំផ្ញើរដល់សហព័ន្ធកីទ្បារំាកម្ពុជា ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ឱ្យបន្ដការហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានប្រសើរ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងភាពជាអ្នកតំណាងដ៏ល្អរបស់កម្ពុជា ដើម្បីបង្កើតនូវការចងចាំពីបណ្តាមិត្តអន្តរជាតិ ក៏ដូចជារក្សាសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្ដាប្រទេសនានា សម្រាប់ការចូលរួមការប្រកួត នាពេលខាងមុខ។
សូមជំរាបជូនផងដែរថា ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺបានរៀបចំទ្បើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនីចំនួន ៥០ រូប មកពីក្លិបចំនួន ៥ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕KD
ប្រភព៖ ប្រយុទ្ធ