ខេត្តបាត់ដំបង៖ ព័ត៌មានបឋមដែលអង្គភាពសារព័ត៌មាន គូលែនដេលី ទទួលបានគឺ សង្ស័យជារឿងគំនុំ បុរសម្នាក់បានធ្វើអំពើរហិង្សាដោយចេតនា យកកាំបិតតាំងតោកាប់ទៅលើបុរសម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ នៅត្រង់ចំណុចអតីតពន្ធនាគារខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ១៩ និង ៣០ នាទី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កម្លាំងអធិការក្រុង សហការ ជាមួយកម្លាំងការិយាព្រហ្មទ័ណ្ឌស្រាលខេត្ត បានចុះបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតតាំងតោ) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តថា ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ វ៉ាង និមិត្ត ហៅ មិត្ត ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានចាប់យកសម្ភារៈដែលជនដៃដល់ខាងលើបានធ្វើសកម្មភាព មានកាំបិតតាំងតោដងដែកចំនួន ០១។ មូលហេតុដែលបណ្ដាលឲ្យមានការកាប់យ៉ាងសាហាវព្រៃផ្សៃនេះ សមត្ថកិច្ចដាក់ការសង្ស័យថាជារឿងគំនុំ។ បច្ចុប្បន្នជំនាញបាននឹងកំពុងតែកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕KD
ប្រភព៖ លោក លីន សាលី