ខេត្តសៀមរាប៖ បុរសជនជាតិអាមេរិកកាំងម្នាក់ដែលស្នាក់នៅក្នុងសណ្ឋាគារ អាម៉ាន់សារ៉ា ( Amansara ) បានស្លាប់ តាមផ្លូវត្រឡប់ពីទស្សនាប្រាសាទ មកសណ្ឋាគារវិញ នៅលើរថយន្តរបស់សណ្ឋាគារ ពេលដឹកទៅសង្គ្រោះបន្ទាន់តាមផ្លូវទៅអង្គរវត្ត ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ០៩ និង ៤៥នាទីថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់មកកាន់អង្គភាពសារព័ត៌មាន គូលែនដេលី នៅរសៀលថ្ងៃដដែលនេះ។
ប្រភពដដែលបានឲ្យដឹងថា បុរសអាមេរិកកាំង ដែលបានស្លាប់ នេះមានឈ្មោះ GELLMA BEN DAVID ភេទប្រុស អាយុ ៦៥ ឆ្នាំ កម្ពស់ ១.៧០ម ទេសចរណ៍ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៦៥៦៤៥០៤៧៤ ស្នាក់នៅបណ្ដោះអាសន្នសណ្ឋាគារអាម៉ាន់សារ៉ា ( Amansara ) ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពបានបន្តថា យោងតាមការបំភ្លឺពីឈ្មោះ លី សារិទ្ធិ ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មគ្គុទ្ទេសទេសចរណ៍ ភាសាអង់គ្លេស បានឲ្យដឹងថា «នៅវេលាម៉ោង ៦ និង ៥០នាទីថ្ងៃទី ០៩ ខែធ្នូឆ្នាំ ២០២៣ ខាងសណ្ឋាគារអាម៉ាន់សារ៉ាបានឲ្យរូបខ្ញុំជូនភ្ញៀវទេសចរណ៍២នាក់ ភេទប្រុសទាំង២(ម្នាក់សព) ទៅទស្សនាប្រាសាទបាយ័នដោយជិះរុឺម៉កម៉ូតូកង់បី ពេលចេញដំណើរពីសណ្ឋាគារទៅខ្ញុំឃើញគាត់(សព)មានសុខភាពល្អនិយាយរាក់ទាក់ជាមួយពួកខ្ញុំធម្មតារហូតដល់ប្រសាទបាយ័នខ្ញុំបាននាំពួកគាត់ទស្សនារយៈពេល ២ ម៉ោង ហើយពួកគាត់ចង់ត្រឡប់មកសណ្ឋាគារវិញ ដោយជិះកាត់តាមវង់តូច ពេលដល់ចំណុចប្រាសាទតាព្រហ្មជនរងគ្រោះមានអាការៈអស់កម្លាំងខ្លាំងទឹកមុខប្រែស្លេកស្លាំង ពេលនោះមិត្តភក្តិរបស់គាត់បានធ្វើចលនាសង្គ្រោះបឋម ដោយឃើញអាការៈមិនស្រួលខ្ញុំក៏បានទាក់ទងមកខាងសណ្ឋាគារឲ្យជួយហៅឡានសង្គ្រោះបន្ទាន់ ខាងសណ្ឋាគារក៏បានទាក់ទងទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ តែទាក់ទងពុំបាន ក៏បញ្ជូនឡានរបស់សណ្ឋាគារមកយកគាត់នៅចំណុចកន្លែងលក់សំបុត្រទស្សនាអង្គរ(ចាស់)ដោយរូបខ្ញុំនិងបុគ្គលិកសណ្ឋាគារបានជួយលើកគាត់ដាក់លើឡានរួចបញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ពេលទៅដល់ក្រុមគ្រូពេទ្យពិនិត្យមើលហើយប្រាប់ថាគាត់បានស្លាប់បាត់ទៅហើយ»។
ប្រភពបានឱ្យដឹងបន្ថែមថា យោងតាមការបំភ្លឺរបស់ឈ្មោះPERDUE DONALD GAVIN ភេទប្រុស ជនជាតិ អាមេរិកាំង ត្រូវជាមិត្តភក្តិ របស់សពបានអោយដឹងថា «ខ្ញុំនិងជនរងគ្រោះ(សព)បានចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ តាមច្រកកំពង់ផែអន្តរជាតិភ្នំពេញ បន្ទាប់មកនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣ ពួកខ្ញុំបានបន្តដំណើរមកខេត្តសៀមរាបតាមច្រកព្រលាន្តយន្តហោះអន្តរជាតិសៀមរាបអង្គរ ក្នុងគោលបំណងទេសចរណ៍ពេលមកដល់ ខ្ញុំនិងគាត់បានស្នាក់នៅសណ្ឋាគារ អាម៉ាន់សារ៉ាបន្ទប់រួមគ្នាព្រោះខ្ញុំនិងគាត់ត្រូវជាមិត្តភក្តិអស់រយៈពេលចំនួន ៣៨ឆ្នាំមកហើយ ចាប់តាំងពីស្គាល់គ្នាមក ពួកខ្ញុំតែងតែដើរលេងជាមួយគ្នាតាមបណ្តាប្រទេសនានា ហើយខ្ញុំដឹងថា គាត់មានជំងឺលើសសំពាធឈាម និងលើសជាតិខ្លាញ់ក្នុងសរសៃឈាម ប្រើប្រាស់ថ្នាំជាប្រចាំ ។ លុះព្រឹកឡើងនៅវេលាម៉ោង៦ និង ៥០ នាទីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ ខាងសណ្ឋាគារបានរៀបចំរុឺម៉ូតូកង់បីមួយគ្រឿងដើម្បីដឹក ពួកខ្ញុំទៅទស្សនាប្រាសាទបាយ័ន មានមគ្គុទេសទេសចរណ៍ម្នាក់និងអ្នកបើករុឺម៉កម្នាក់ពេលទៅដល់ក៍បានទស្សនារយៈពេល ២ម៉ោងហើយត្រលប់មកសណ្ឋាគារវិញ អំឡុងពេលធ្វើដំណើរតាមដងផ្លូវដល់ត្រង់ចំណុចប្រាសាទតាព្រហ្ម ស្រាប់តែគាត់ចាប់ផ្តើមមាន អាការះ ខ្សោយអស់កម្លាំងខ្លាំង និងបាត់បង់ស្មារតីដេកផ្អែកលើកៅអីរុឺម៉ក ភ្លាមៗនោះ ខ្ញុំបានជួយធ្វើការសង្គ្រោះបឋមអោយគាត់ ចំណែកឯមគ្គុទេសក៏បានទូរស័ព្ទទៅប្រាប់អ្នកគ្រប់គ្រងសណ្ឋាគារអោយទាក់ទងរករថយន្ត សង្គ្រោះបន្ទាន់មកជួយ យើងបានបន្តដំណើរទៅដល់ត្រង់ចំណុចស្ថានីយ៍ត្រួតពិនិត្យសំបុត្រអង្គរ(ចាស់) ក៏មានរថយន្តរបស់សណ្ឋាគារបានមកដល់ យើងលើកគាត់ដាក់ចូលក្នុងរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ ពេលធ្វើដំណើរមកដល់ក្រុមគ្រូពេទ្យពិនិត្យហើយប្រាប់ថា គាត់ស្លាប់បាត់ទៅហើយ»។
ប្រភពដដែលបានបញ្ជាក់ថា សមត្ថកិច្ចបានធ្វើការពិនិត្យសាកសពនៅសាលរក្សាសពក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ឃើញថាគ្រប់ផ្នែកទាំងអស់គ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា បុរសជនជាតិអាមេរិកាំងខាងលើ ស្លាប់ដោយសារ «គាំងបេះដូង បណ្ដាលមកពីស្ទះសរសៃឈាមបេះដូង»។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី។
អង្គភាពសារព័ត៌មាន គូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ តាមរយៈលេខទូរស័ព្ទ ០៦៣ ៧៦១ ៨៨៨ នៅវេលាម៉ោង ២០ និង ៣៧នាទី ដោយធ្វើការសន្ទនាជាមួយនឹងបុគ្គលិកនៃមន្ទីរពេទ្យនេះ អស់រយៈពេល ១នាទី និង ១៣វិនាទី។ ឆ្លើយតបទៅនឹងសំណួររបស់អង្គភាពសារព័ត៌មាន គូលែនដេលី ថា «ខាងសណ្ឋាគារអាម៉ាន់សារ៉ា បានទាក់ទងទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីបញ្ជូនរថយន្តទៅជួយសង្គ្រោះ ភ្ញៀវដែលមានអាការៈមិនស្រួល តែទាក់ទងពុំបាន តើបងបានដឹងរឿងហ្នឹងដែរឬទេ? បុគ្គលិកមន្ទីរពេទ្យបានឆ្លើយថា គាត់មិនបានដឹងរឿងនោះទេ ដោយសារគាត់ចូលធ្វើការនៅវេនពេលល្ងាច។
ដោយឡែកអង្គភាពសារព័ត៌មាន គូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់ សណ្ឋាគារអាម៉ាន់សារ៉ា ( Amansara ) តាមរយៈលេខទូរស័ព្ទ ០៦៣ ៧៦០ ៣៣៣ នៅវេលាម៉ោង ២០ និង ៣៩នាទី ដោយធ្វើការសន្ទនាជាមួយនឹងបុគ្គលិកនៃមន្ទីរពេទ្យនេះ អស់រយៈពេល ២នាទី និង ៣៨វិនាទី។ ឆ្លើយតបទៅនឹងសំណួររបស់អង្គភាពសារព័ត៌មាន គូលែនដេលី ថា «តើពិតជាមានជនជាតិអាមេរិកាំងម្នាក់ ដែលស្នាក់នៅក្នុងសណ្ឋាគារអាម៉ាន់សារ៉ា ( Amansara ) បានស្លាប់បាត់បង់ជីវិត នៅលើរថយន្តសណ្ឋាគារ ដែលព្យាយាមដឹកយកទៅសង្គ្រោះ បន្ទាប់ពីខាងសណ្ឋាគារមិនអាចទាក់ទងទៅខាងរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរបាន ពិតដែរឬទេ? បុគ្គលិកជាស្ត្រីរបស់សណ្ឋាគារនេះថា «គាត់មិនបានដឹងច្បាស់នូវរឿងនេះទេ រង់ចាំសួរអ្នកគ្រប់គ្រងសណ្ឋាគារសិន ហើយថាអ្នកគ្រប់គ្រងរបស់សណ្ឋាគារនេះនឹងឆ្លើយតបតាមរយៈអ៊ីមែល kulendailynews@gmail.com»។
សូមបញ្ជាក់ថា ខាងសណ្ឋាគារ អាម៉ាន់សារ៉ា ( Amansara ) ដោយមាន លោក MJ Birch អ្នកគ្រប់គ្រងទូទៅ General Manager – Amansara បានឆ្លើយតបមកកាន់អង្គភាពសារព័ត៌មាន គូលែនដេលី តាមរយៈអ៊ីមែល ដោយការសុំមិនធ្វើការបញ្ជាក់អ្វីដែលប៉ះពាល់ដល់ឯកជនភាពរបស់ភ្ញៀវ លោកនោះទេ លោកថា «សូមអរគុណចំពោះការសាកសួររបស់អ្នក។ អនុលោមតាមគោលការណ៍របស់ Aman ក្នុងការគោរពឯកជនភាពរបស់ភ្ញៀវ ខ្ញុំមិនអាចបញ្ចេញមតិ ឬចែករំលែកព័ត៌មានណាមួយបានទេ។ ខ្ញុំសង្ឃឹមថាអ្នកយល់ពីជំហររបស់យើងនៅទីនេះ»៕នាគស