ខេត្តសៀមរាប៖ បុរសជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជនខ្ពស់ នៃសង្ឃកដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ប្រាប់មកអង្គភាពសារព័ត៌មាន គូលេនដេលី នៅរសៀលថ្ងៃដដែលនេះ។
ប្រភពបានឱ្យដឹងថា សាកសពឈ្មោះ COLLINGS JOHN DAVID ភេទប្រុស អាយុ ៧៦ ឆ្នាំ មុខរបរគ្មាន កម្ពស់ ១.៦៥ម ជាជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PB៤៨០១៤៩៤ មានទីលំនៅបណ្ដោះអាសន្នទីតាំងកើតហេតុខាង។
ប្រភពបានបន្តថា យោងតាមការបំភ្លឺពីឈ្មោះ ចាប សុផល ភេទ ប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ ជាអ្នកមើលការគ្រប់គ្រងបន្ទប់ជួល បានឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ មានបរទេសម្នាក់(សព)បានមកជួលបន្ទប់ស្នាក់នៅ ដោយគាត់រស់នៅតែម្នាក់ឯងទេ ក្នុងអំឡុងពេលស្នាក់នៅគាត់មានសុខភាពធម្មតា លុះដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ គាត់បានមកប្រាប់ខ្ញុំថា មានអាការៈមិនស្រួលខ្លួនខ្លាំង ខ្ញុំក៏បានជូនគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក្រុមគ្រូពេទ្យបានឱ្យគាត់សម្រាកនៅទីនោះរយៈពេល ៣ថ្ងៃ ទើបត្រឡប់មកបន្ទប់វិញ ហើយមិត្តភក្តិរបស់គាត់ជាជនជាតិអូស្ត្រាលីដូចគ្នាបានហៅក្រុមគ្រូពេទ្យឯកជនមកថែរក្សាដល់បន្ទប់ជាប្រចាំ រហូតដល់ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង១០ និង ០០នាទី គាត់បានស្លាប់ទៅ។
ដោយឡែក ឈ្មោះ លេន ឡាំ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាគូពេទ្យឯកជនមើលថែជំងឺរបស់គាត់(សព)បានឲ្យដឹងថា «ខ្ញុំនិងក្រុមការងារពីរនាក់ទៀតបានមកមើលថែជំងឺរបស់គាត់ដល់បន្ទប់មានរយៈពេលមួយសប្តាហ៍មកហើយ ជំងឺរបស់គាត់គឺរលាកសួតធ្ងន់ធ្ងរនិងក្អកខ្លាំងៗ ហើយគាត់ពុំអាចងើបដើរបានទេសម្រាកនៅលើគ្រែពូករហូត ដោយសុខភាពរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ ជាក់ស្ដែងនៅវេលាម៉ោង ១០ និង ០០ នាទី ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ២០២េ គាត់បានស្លាប់ទៅ»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ការស្លាប់របស់បុរសខាងលើគឺដោយសារ រលាកសួតធ្ងន់ធ្ងរ។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស