Sunday, November 24, 2024

លោកស្នងការ បង្គាប់ឱ្យផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី 

ខេត្តកំពត៖ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញនៅលិខិតបង្កប់ការ លេខ១៨ ល.ក/០២៣ ដែលចុះហត្ថលេខាដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដោយបង្គាប់ឱ្យផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី នៅថ្ងៃទី ០៨ ខែធ្នូឆ្នាំ ២០២៣។

យោងតាមលិខិតបង្កប់ការបានឱ្យដឹងថា ផ្អែកតាមស្ថានភាពជាក់ស្តែង នៃការងារ ស្នងការនគរបាលខេត្តកំពត ប្រការ១៖ ត្រូវបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប ដូចមានឈ្មោះ ១- លោកវរសេនីយ៍ត្រី សែម សីហា អត្តលេខ ៧៩៣០៩ ឋានៈ អធិការរង ទទួលផែនការងារ ប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។ ២- លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ ៤១៨៣២ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។

លិខិតបង្កប់ការដដែលបន្តថា ប្រការ២៖ លោកវរសេនីយ៍ត្រី សែម សីហា និងលោកវរសេនីយ៍ត្រី គង់ កប ត្រូវមកបង្ហាញមុខជាប្រចាំ នូវរៀងរាល់ ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត។ ប្រការ៣៖ លោក.លោកស្រីស្នងការរង ផែនការងារ និងលោកស្នងការរង ទទួលការិយាល័យ លោកនាយការិយាល័យ បុគ្គលិក លោកអធិការនគរបាលស្រុកជុំគិរី និងអស់លោកដូចមានឈ្មោះក្នុងប្រការ១ ត្រូវសហការអនុវត្ត តាមលិខិតបង្គាប់ការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្រការ៤៖ លិខិតបង្គាប់ការនេះ មានអនុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងលិខិតបង្កប់ការបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការចេញនូវលិខិតនេះ ព្រោះមន្ត្រីនគរបាលទាំង២រូបខាងលើ ត្រូវបានក្រុមអធិការកិច្ចរកឃើញថា អនុវត្តតួនាទី ភារកិច្ច ផ្ទុយពីវិន័យលេខ ០០៦បបជ របស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានលើកឡើងថា “អ្នកធ្វើខុសត្រូវទទួលកំហុសនូវអ្វីដែលខ្លួនបានធ្វើ ក្នុងនាមជាអ្នកអនុវត្តច្បាប់ និងការពារប្រជាពលរដ្ឋ ។ យើងខ្ញុំមិនគាំទ្រនិងការពារជាដាច់ខាត ចំពោះមន្ត្រីទាំងឡាយណា ដែលអនុវត្តខុសពីវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ។

សូមជំរាបជួនផងដែរថា តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារពិតជាបានរកឃើញថា លោកមេប៉ុស្ត៏និងលោកអធិការរងទទួលគ្រឿងញៀនពិតជាបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិពិតប្រាកដមែន ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សំរេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្ត៏រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរីចាប់ពីថ្ងៃនេះតទៅ៕នាគស

ព័ត៌មានពេញនិយម