Monday, November 25, 2024

ស្គាល់អត្តសញ្ញាណបុរសម្នាក់ ដែលគេប្រទះឃើញ ដេកស្លាប់ នៅលើផ្លូវជាតិលេខ៦ ទល់មុខផ្លូវចូលមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នោះហើយ

ខេត្តសៀមរាប៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខផ្លូវចូលមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ០៤ និង ២៥នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យ អង្គភាពសារព័ត៌មាន គូលែនដេលី ដឹងថា បុរសម្នាក់ ដែលប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់នោះ ត្រូវបានរកឃើញអត្តសញ្ញាណសពហើយ គាត់ មានឈ្មោះ SON SOONKOO ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M៤៩៨៤៦៨៩៧ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងសណ្ឋាគារឃីងដុម អង្គរ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តឲ្យដឹងថា យោងតាមការបំភ្លឺពីឈ្មោះ ហុង ហ៊ូ ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ០៣ និង ៥០នាទីទៀបភ្លឺ គាត់បានជិះម៉ូតូតែម្នាក់ឯង ដើម្បីទៅហូបកាហ្វេ ពេលរូបខ្ញុំជិះដល់កន្លែងកើតហេតុខាងលើស្រាប់តែឃើញមនុស្សប្រុសម្នាក់ដេកនៅលើជាយផ្លូវជាតិលេខ៦ ក្បាលបែរទៅទិសខាងជើង បន្ទាប់មកគាត់បានចុះពីលើម៉ូតូដើរទៅមើល ពុំឃើញគាត់ដកដង្ហើមចេញចូលទេ ភ្លាមនោះខ្ញុំក៏បានទូរសព្ទរាយការណ៍ជូនសមត្ថកិច្ច។
ដោយឡែក យោងតាមការបំភ្លឺពីឈ្មោះ KIM BONGTAE ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M ៥០២២២៤៧២០ ត្រូវជាមិត្តភក្តិរបស់សពបានឱ្យដឹងថា «ខ្ញុំបាទបានចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ តាមច្រកព្រលានយន្តអន្តរជាតិសៀមរាបអង្គរ ក្នុងគោលបំណងដើម្បីធ្វើទេសចរណ៍ តាមរយះក្រុមហ៊ុន ហ្គូដ ទួរ ដែលមានសមាជិកជនជាតិកូរ៉េទាំងអស់ចំនួន០៦នាក់ ស្រី ០២នាក់។ ពេលមកដល់ខាងក្រុមហ៊ុនទេសចរណ៍បានរៀបចំអោយពួកខ្ញុំបាទចូលស្នាក់នៅសណ្ឋាគារ ឃីងដុម អង្គរ ស្ថិតនៅភូមិ គ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយខ្ញុំបាទ និងគាត់(សព)បានស្នាក់នៅបន្ទប់លេខ ១២៣ រួមគ្នាព្រោះខ្ញុំបាទ និងគាត់ ស្គាល់គ្នា អស់រយៈពេលចំនួន ៣០ឆ្នាំមកហើយ។ ចាប់តាំងពីស្គាល់គ្នាមក ពួកខ្ញុំតែងតែដើរលេងជាមួយគ្នាតាមបណ្តាប្រទេសនានា រៀងរាល់មួយឆ្នាំមួយដងដោយគាត់(សព) ពុំដែរមានបញ្ហាសុខភាពអ្វីនោះទេ ពេលចូលដល់ក្នុងបន្ទប់ស្នាក់នៅពួកយើងគេងលក់ទាំងអស់គ្នាតែម្តង។ រហូតដល់វេលាម៉ោង ០៦ និង ០០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ខ្ញុំបាទបានភ្ញាក់ពីគេង ពុំបានឃើញគាត់នោះទេ ខ្ញុំក៏ពុំបានចាប់អារម្មណ៍អ្វីនោះដែរ ព្រោះគិតថាគាត់ចេញទៅរត់ហាត់ប្រាណដូចរាល់ដង។ រហូតដល់វេលាម៉ោង០៧ និង ០០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល ខ្ញុំបាទចុះមកហូបអាហារពេលព្រឹកក្នុងភោជនីយដ្ឋារបស់សណ្ឋាគារ ពេលនោះ ស្រាប់តែ មគ្គុទេសទេសចរណ៍ជាស្រ្តីជនជាតិកូរ៉េម្នាក់ បានមកប្រាប់រូបខ្ញុំថា ឈ្មោះ SON SOONKOO បានស្លាប់បាត់ហើយនៅអំឡុងដែលគាត់កំពុងរត់ហាត់ប្រាណ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា បុរសខាងលើ ស្លាប់ដោយសារ គាំងបេះដូង។ ដោយមានការសម្រេចពីស្ថានកុងស៊ុលកូរ៉េខាងត្បូងប្រចាំខេត្តសៀមរាបសាកសពបានប្រគល់ជូនលោកស្រី JEONG MIRAN ត្រូវជាម្ចាស់អាជីវកម្មក្រុមហ៊ុន ហ្គូដ ធួរ & អ៊ែរ ឯ.ក យកទៅរក្សាទុកនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំក្រុមគ្រួសារ៕នាគស

ព័ត៌មានពេញនិយម