ខេត្តសៀមរាប៖ ជនជាតិ បង់ក្លាដែស ម្នាក់ស្លាប់ក្នុងបន្ទប់ជួលស្ថិតនៅក្រុមទី៨ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១០និង ៥០ នាទីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់មកអង្គភាពសារព័ត៌មាន គូលែនដេលី។
ប្រភពបានឱ្យដឹងថា សពមានឈ្មោះ ISLAM MOHAMMAD ZAHIRUL ភេទ ប្រុស អាយុ 42 ឆ្នាំ មុខរបរ គ្មាន ជនជាតិ បង់ក្លាដែស កាន់លិខិតឆ្លងដែនលេខB00088634 ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
ប្រភពបន្តថា យោងតាមការបំភ្លឺពីឈ្មោះ កើ អែល ភេទប្រុស អាយុ៦៤ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានអោយដឹងថា «កាលពីថ្ងៃទី ០១ខែធ្នូ ឆ្នាំ 2023 នៅវេលាម៉ោង 5 និង 00នាទី ខ្ញុំបានភ្ញាក់ពីដេកបន្ទាប់មកផឹកកាហ្វេក៍ឃើញភ្ញៀវ ជួលបន្ទប់របស់ខ្ញុំគាត់ឈរនៅមុខបន្ទប់មិនបាននិយាយអ្វីនិងគ្នាទេលុះដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៣នៅវេលាម៉ោង ១០និង០០ នាទីព្រឹកមានឈ្មោះ ODUDAHMED ភេទប្រុសអាយុ៤២ឆ្នាំជនជាតិបង់ក្លាដែសដើរមកប្រាប់ថាគោះទ្វារបន្ទប់ពួកម៉ាកអត់បើកទ្វារអត់ឆ្លើយតបសោះពេលនោះខ្ញុំក៏ដើរទៅបើកទ្វារជាមួយគាត់ឃើញ(សព)ដេកស្លាប់នៅលើឥដ្ឋការ៉ូនៅជិតជញ្ជាំងក្រោមបង្អួចពេលនោះខ្ញុំក៏បានទៅរាយការណ៏ជូនសមត្ថកិច្ច»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថាស្លាប់ដោយសារ គាំងបេះដូង (ស្ទះសរសៃឈាមបេះដូង) គ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។
បច្ចុប្បន្ន សាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស