ខេត្តសៀមរាប៖ សាលាអនុវិទ្យាល័យ សៀង ណាំ សំបួរ ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ និងចែកលិខិតសរសើរដល់សិស្សពូកែ មានការអញ្ជើញចូលរួមដោយ លោក ឆាត ឆាំ ចៅសង្កាត់រងទី១ និងជាគណកម្មការគ្រប់គ្រងសាលា លោក វ៉ាត កុស នាយកអនុវិទ្យាល័យសៀងណាំសំបួរ លោក ខុត សារ៉ាត់ នាយរងប៉ុស្តិសង្កាត់សំបួរ អ្នកស្រី ពៅ ធារី អនុប្រធានមណ្ឌលសុខភាពសំបួរ លោក អ៊ុត ពិដោរ ប្រធានគណកម្មការទ្រទ្រង់សាលា និងជាតំណាងអាណាព្យាបាលសិស្ស លោក សាត់ សៀង នាយក អង្គការ LMA កម្ពុជា លោកគ្រូ អ្នកគ្រូសិក្សានុសិស្ស ចំនួន ៣៧៦នាក់ ស្រី១៩០នាក់ និងអាណាព្យាបាលសិស្ស៨៥នាក់ ស្រី៦១នាក់ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
លោក វ៉ាត កុស នាយកអនុវិទ្យាល័យសៀងណាំសំបួរ បានឡើងមានប្រសាសន៍អំពីស្ថានភាពទូទៅ របស់សាលា ការគ្រប់គ្រងសាលា ការសិក្សារបស់សិស្សានុសិស្សនៅក្នុងឆ្នាំចាស់ របាយការណ៍សិស្ស និងផែនការគ្រប់គ្រងអភិវឌ្ឍន៍សាលាសម្រាប់ឆ្នាំសិក្សាថ្មី តំណាងមាតាបិតាសិស្ស និងតំណាងសិស្សានុសិស្ស ឡើងធ្វើការប្ដេជ្ញាចិត្ត រួចមក លោក ឆាត ឆាំ ចៅសង្កាត់រងទី១ និងជាគណកម្មការគ្រប់គ្រងសាលា បានអញ្ជើញអាននូវ សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ដែល សម្ដេច សម្តែងនូវក្តី សោមនស្ស រីករាយ និងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាមួយ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងស្រុងផងដែរ។
បន្ទាប់ពីបញ្ចប់នូវ សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួចមក លោក ឆាត ឆាំ ចៅសង្កាត់រងទី១ និងជាគណកម្មការគ្រប់គ្រងសាលា បានបន្តថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ។
លោក ឆាត ឆាំ បញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រ ឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ ដូច្នេះសូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប បន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះដល់កូនៗទាំងអស់គ្នា និងសូមឱ្យសិក្សានុសិស្ស ខិតខំសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងត្រូវមានឥរិយាបថឱ្យសាកសម ជាសិស្សល្អ មិត្តល្អ និងកូនល្អ ដើម្បីជាសសរទ្រង់ជាតិមាតុភូមិ។
ជាទីបញ្ចប់ លោក ឆាត ឆាំ ចៅសង្កាត់រងទី១ និងជាគណកម្មការគ្រប់គ្រងសាលា បានយកឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នេះ ជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគស