ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀន និងជាជាងជួសជុលទូរសព្ទផងនោះ ត្រូវបាន ខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលទៅបាញ់ស្រោចដល់ក្នុងផ្ទះ ហើយត្រូវចំនួន៣គ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ក្បែរក្លោងទ្វារចូលជើងភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៦ និង ១០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ប្រភពពីរកន្លែងកើតហេតុបានដឹងថា សាក្សីដែលជាប្អូនស្រីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុករបរ គ្រូបង្រៀន និងជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនមិនស្គាល់មុខ ចូលបាញ់ដល់ក្នុងផ្ទះចំនួន៤គ្រាប់ បណ្ដាលអោយត្រូវត្រង់ពោះ ១គ្រាប់ ចំដៃ២គ្រាប់ បណ្ដាលអោយរងរបួស់ធ្ងន់។
ប្រភពពីកន្លែងកើតហេតុបន្តថា ក្រោយពេលកើតហេតុត្រូវបានបងប្អូនដឹកបញ្ចូនទៅមន្ទីពេទ្យ ដើម្បីសង្រោះជាបន្ទាន់ ភ្លាមៗ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងស្នងការខេត្តបាត់ដំបងចុះទៅពិនិត្យ ធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវរកជនដៃដល់ ដើម្បីយកមកអនុវត្ថតាមច្បាប់។
សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អំពីមូលហេតុ នៃការបាញ់ប្រហារទៅលើបុរសខាងលើទាំងកំរោលនោះបាននៅឡើយទេ រហូតមកដល់ពេលនេះ៕KD
អត្ថបទ និងរូបភាព៖ លោក លីន សាលី