Saturday, November 23, 2024

បែកធ្លាយរឿងមន្ត្រីស្នើទៅសុំ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បែកធ្លាយរឿងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយថែមទៀតផង។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧) របស់លោកអាំង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង។
ពាក្យបណ្តឹងបន្តថា ក្នុងការអនុវត្តន៍ការងារមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកដូចខាងក្រោម៖
•គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមកំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឱ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស ហើយអត្តនោម័តតែម្នាក់ឯង
•កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដោយនិយាយថាពួកគាត់ចុះវាល់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រីក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី(ដំណើរការយឺតយ៉ាវនៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្រ្តី។ •ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុង ខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន ៧ លានរៀល ជាក់ស្ដែងកាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្ដែងបានតែ ២លានរៀលតែប៉ុណ្ណោះ។
•តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត។
•គម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ១០០ដុល្លារ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួស អ្នកអប់លើកទី១ ដែលអស់សុពលភាព។
•ពុំមានការលើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្ត្រីជីកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថាខ្លួនសកម្មនិងការងារ
•ការបំបែកក្បាលដី ក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធតម្រូវឲ្យម្ចាស់បឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិនទើបធ្វើអាចបំបែកក្បាលដីបាន ប្រសិនបើចរចាគ្នាមិនត្រូវតីមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ជាក់ស្តែងប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែកដីឡូតិ៍ចំនួន ០៧ក្បាលដី ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសដល់មន្ទីរ ក៍ដូចជាក្រសួងផងដែរ។
•ការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្ដែងលោកប្រធានមន្ទីររូបនេះទទួលបានដីចំនួន ៥ក្បាលដី ។ ដែលផ្ទុយពីអនុសាសន៍របស់សម្តេចតជោហ៊ុន សែន បានលើកឡើងថា ការដោះស្រាយទំនាស់កុំឲ្យមានផលប្រយោជន៍ក្នុងនោះ។
•ការអនុវត្តន៍នីតិវិធីលើការសុំប្តូរប្រភេទនៃការប្រើប្រាស់ជី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណះ ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណះ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
•ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ឲគរូបនីយកម្ម និងសំណង់ មកអួត គំរាមកំហែធ៌មន្ត្រី ក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។
លិខិតបណ្តឹងដដែលបានបញ្ជាក់ថា អស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបទិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយ ក៏នៅតែខុស និងស្តីបន្ទោសរហូត ដែលបណ្ដាលឲ្យមន្ដ្រីសព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចស៊ូទ្រាំចំពោះទង្វើទាំង អស់របស់បុគ្គលរូបនេះលែងបានតទៅទៀត។ ហេតុដូច្នេះហើយទើបខ្ញុំបាទ-នាងខ្ញុំសម្រេចចិត្តគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្តី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។

ដោយឡែក នៅលើហ្វេសប៊ុកផ្លូវការរបស់លោកផែងវណ្ណៈបានលើកឡើងថា «បន្ទាប់​ពី​មាន​ឯកសារ​ ២សន្លឹក​ របស់​ មន្ត្រី​ រាជការ​ នៅ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ផ្ដិតមេដៃ​ ប្ដឹង​ទាមទារ​ដកលោក​ប្រធានមន្ទីរ​ នៅ​ព្រឹក​ថ្ងៃទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៣​ នេះ​ លោក​អាង​ ណារិន្ទ​ បាន​អញ្ជើញ​មន្ត្រី​ទាំងអស់​ រួមទាំង​ អនុប្រធាន​ការិយាល័យ​ ប្រធាន​ការិយាល័យ​ អនុប្រធាន​មន្ទីរ​ ដេីម្បី​ ស្ដាប់​មតិ​យោបល់​ និង​ ជជែក​រកដំណោះស្រាយ​ ។
បេីតាម​ ខ្លឹមសារ​នៃ​លិខិត​ ២សន្លឹក​នេះ​ មន្ត្រី​ អះអាងថា​ លោក​ ប្រធានមន្ទីរ​ដឹកនាំ​មិនល្អ​ ដោយលេីកហេតុផលនេះ​ ហេតុ​ផលនោះ​ ។ តែ​បេីតាម​ មតិ​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ បែជា​កោតសរសើរ​លោក​ អាង​ ណារឹទ្ធ​ ប្រធាន​មន្ទីរ​ទៅវិញ​។ ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ដែល​ស្នេីសុំ​លក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា​ ចាប់តាំងពី​លោក​ អាង​ ណារឹទ្ធ​ មកដឹកនាំ​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ៤ឆ្នាំ​ កន្លងមក​នេះ​ លោក​ធ្វើ​ការ​បានល្អ​ ជាពិសេស​ការ​ដោះស្រាយ​បញ្ហា​ទំនាស់ដីធ្លី​ និង​ ការ​ចុះបញ្ជី​ដីធ្លី​ មានការលឿន​ជាង​អតីត​ ប្រធាន​មន្ទីរ​មុន​ ។ ចំណែក​មន្ត្រី​នៅ​សាលាខេត្តបន្ទាយមានជ័យ​វិញ​បាន​និយាយ​ប្រាប់​ថា​ វត្តមាន​លោក​ អាង​ ណារឹទ្ធ​ បាន​ធ្វើ​អោយ​មន្ត្រី​ខ្លះ​នៅ​ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​បន្ទាយមានជ័យ​ បាត់បង់​ផល​ប្រយោជន៍​ ហេតុ​នេះហើយ​ទេីបគេ​នាំ​គ្នា​ ផ្ដិតមេដៃ​ប្ដឹង​លោក​ ។ បេីតាម​ ពិនិត្យ​មើល​ស្នាម​មេដៃ​ និង​ អក្សរ​សរសេរ​ឈ្មោះ​ដោយដៃ​ គឺ​ សរសេរដោយ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ ព្រោះ​អក្សរ​ដូចគ្នា​ទាំងអស់​ ។
លោក​ អាង​ ណារឹទ្ធ​ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ក្នុង​លិខិតនោះ​ ថា​ជា​ព័ត៌មាន​មិនពិត​ ។
ទោះ​ជាយ៉ាង​ណា​ក្ដី​ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានបង្ហេីបអោយដឹងថា​ ក្រុមការងារ​របស់​ក្រសួង​ នឹងចុះ​ត្រួតពិនិត្យ​ករណី​ កូនចៅ​ផ្ដិតមេដៃ​ប្ដឹង​មេនៅ​សប្ដាហ៍​កក្រោយ»។
ទោះបីជាយ៉ាងណា មហាជននៅកំពុងរង់ចាំមើលថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងមានចំណាត់ការយ៉ាងដូចម្តេច ចំពោះ លោក អាង ណារឹទ្ធ និងមន្ត្រីក្រោមឱវាទដែលរួមគ្នាប្ដឹងមេរបស់ខ្លួនទាំងនោះ?
មហាជនជាច្រើនបានលើកឡើងថា មានភ្លើងទើបមានផ្សែង៕KD

ព័ត៌មានពេញនិយម