Monday, November 25, 2024

រដ្ឋបាលខេត្តសៀមរាប ចេញនូវសេចក្ដីជូនដំណឹង ស្តីពីការចូលរួមទប់ស្កាត់ការលួចកាត់ប្រព័ន្ធខ្សែបណ្តាញអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈ និងសួនច្បារ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប

ខេត្តសៀមរាប៖ សេចក្ដីជូនដំណឹងមួយ ដែលចុះហត្ថលេខា ដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការចូលរួមទប់ស្កាត់ការលួចកាត់ប្រព័ន្ធខ្សែបណ្តាញអគ្គិសនីបំភ្លឺតាម ដងផ្លូវសាធារណៈ និងសួនច្បារ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តសៀមរាបធ្វើឡើង ដើម្បីជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទាំង ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

ខ្លឹមសារលិខិតថា «ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តសៀមរាប បានសង្កេតឃើញថា មាន បុគ្គលខិលខូចមួយចំនួនតូចបានធ្វើសកម្មភាពលួចឧបករណ៍អគ្គិសនី និងកាត់ប្រព័ន្ធខ្សែបណ្តាញអគ្គិសនី បំភ្លឺផ្លូវសាធារណៈ និងសួនច្បារនានា ក្នុងភូមិសាស្រ្តក្រុងសៀមរាប។

ខ្លឹមសារលិខិតបានបន្តថា «ក្នុងន័យនេះ ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបង្គា ទប់ស្កាត់ ការលួចឧបករណ៍អគ្គិសនី និងការកាត់ប្រព័ន្ធខ្សែបណ្តាញអគ្គិសនី តាមបណ្ដាដងផ្លូវសាធារណៈ និងសួនច្បារ នានា ក្នុងភូមិសាស្រ្តក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំ និងជូនដំណឹង ដូចខាងក្រោម៖

១-បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ក្នុងករណ៏បានឃើញ ឬជួបប្រទះសកម្មភាពគួរឱ្យសង្ស័យក្នុងការលួចយកឧបករណ៍អគ្គិសនី ឬករណ៏ការសង្ស័យថាជាជនល្មើសលួចកាត់ប្រព័ន្ធ ខ្សែបណ្តាញអគ្គិសនីនៅតាមបណ្តាផ្លូវសាធារណៈ និងសួនច្បារនានា សូមរាយការណ៍មករដ្ឋបាល ខេត្តសៀមរាប ឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុត រដ្ឋបាលខេត្តនឹងមានរង្វាន់លើកទឹកចិត្តជូន។ ២-រាល់ដេប៉ូទិញ លក់សម្ភារគ្រឿងអគ្គិសនី និងទីតាំងទិញ លក់អេតចាយទាំងអស់ ហាមឃាត់ដាច់ខាត ក្នុងការទិញនូវសម្ភារគ្រឿងអគ្គិសនី ឬខ្សែភ្លើងអគ្គិសនីដែលមានប្រភពមិនច្បាស់លាស់ ឬអាច មានការពាក់ព័ន្ធបទល្មើសលួច ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង។

៣-អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវពិនិត្យតាមដាន និងល្បាតជាប្រចាំ ទប់ស្កាត់ និងចាត់វិធាន ការជាបន្ទាន់ ក្នុងករណីមានការលួចឧបករណ៍អគ្គិសនី ឬកាត់បណ្តាញខ្សែអគ្គិសនីតាមដងផ្លូវ និងសួនច្បារនានា ដោយមិនលើកលែងចំពោះជនល្មើសណាមួយឡើយ»។

ខ្លឹមសារលិខិតបានបញ្ជាក់ថា «ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុង មន្ទីរ អង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់»៕នាគស

ព័ត៌មានពេញនិយម