Monday, November 25, 2024

ក្មួយប្រុសតិរច្ឆាន ប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់ពូមីងយ៉ាងព្រៃផ្សៃ ដោយចោទថាចេះអាបធ្មប់

ខេត្តព្រះវិហារ៖ ក្មួយប្រុសតិរច្ឆាន មានឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ ប្រើកាំភ្លើងកែច្នៃ(កាប៊ីន)បាញ់សម្លាប់ពូមីងយ៉ាងព្រៃផ្សៃ ដោយចោទថាចេះអាបធ្មប់ នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

សមត្ថកិច្ចថា មានករណីឃាតកម្មគិតទុកជាមុន ចំនួន ០១លើក នៅចំណុចខាងលើ ដែលបង្កដោយជនសង្ស័យមានឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ(ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ (កាប៊ីន) ចំនួន ០២ ដើម បាញ់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា ក្នុងករណីខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សម្នាក់ និងដកហូតបានអាវុធកែច្នៃ(កាប៊ីន)ចំនួន ០២ដើម។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំឱ្យឈានដល់ការសម្លាប់យ៉ាងព្រៃផ្សៃនេះ ជនសង្ស័យបានឆ្លើយថា ខ្លួនមានគំនុំជាមួយជនរងគ្រោះ និងចោទថាជនរងគ្រោះ ចេះអាបធ្មប់ទៀតផង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជួនសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

ជាការអំពាវនាវដល់ប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ លាក់ទុក និងកំពុងកែច្នៃអាវុធកាប៊ីន សូមរួសរាន់រាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ដោយស្ម័គ្រចិត្ត មិនដូច្នេះទេ លោកអ្នកប្រឈមនឹងផ្លូវច្បាប់ ហើយសមត្ថកិច្ចសង្ឃឹមថាប្រជាពលរដ្ឋ នឹងសហការបានល្អ៕នាគស

ព័ត៌មានពេញនិយម