Monday, November 25, 2024

រថយន្តត្រឡប់ពីបុណ្យកឋិន ធ្លាក់ផ្លូវលើភ្នំគូលែន ស្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាលជិត២០នាក់ ប្រជាពលរដ្ឋស្នើសុំថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យបច្ចេកទេសផ្លូវឡើងវិញ ព្រោះជាផ្លូវទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់ពីរមណីយដ្ឋានភ្នំគូលែន ទៅកាន់រមណីយដ្ឋានប្រាសាទនានានៅជុំវិញនោះ

ខេត្តសៀមរាប៖ រថយន្ត ត្រឡប់ពីដង្ហែរបុណ្យកឋិន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តថ្មជ្រួញ ជួបឧបទ្ទវហេតុ បុកបង្កាន់ដៃរួចធ្លាក់ចេញពីផ្លូវបេតុងថ្មីលើភ្នំគូលែនបណ្ដាលឱ្យ ស្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាលជិត២០នាក់ នៅត្រង់ចំណុចទឹករុន ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោងប្រហែល ១៥ និង ៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលជួបឧបទ្ទវហេតុនេះម៉ាក Toyota Tacoma ពណ៌ស ផ្លាកលេខ សៀមរាប ២B-៤៧៤០ បើកបរដោយបុរសឈ្មោះ ជាម ជុច ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួនបាត់) ផ្ទុកមនុស្សប្រុសស្រី ២៥នាក់ ដែលជាអ្នកចូលរួមបុណ្យកឋិន និងក្រុមឆៃយ៉ាំដែលសុទ្ធសឹងតែជាអ្នកស្រុកក្រឡាញ់។
សមត្ថកិច្ចបន្តថា បន្ទាប់ពីវេរអង្គកឋិនទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សារួចរាល់ រថយន្តខាងលើបានធ្វើដំណើរចេញពី វត្តថ្មជ្រួញ មកដល់ត្រង់ចំណុចកើតហេតុ ក៍បានរេចង្កូត ទៅបុកនឹងបង្កាន់ដៃផ្លូវ រួចក្រឡាប់ធ្លាក់ពីផ្លូវបេតុង ដែលចុះពីភ្នំគូលែនទៅកាន់ទីរួមស្រុកស្វាយលើ បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ ( ស្រី ២នាក់ ) និងរងរបួសធ្ងន់ស្រាលចំនួន ១៩នាក់ (ស្រី ១១នាក់)។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីជួបឧបទ្ទវហេតុកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ សហការជាមួយប្រជាការពារ ធ្វើការចុះជួយសង្គ្រោះបន្ទាន់ ដោយបានបញ្ជូនអ្នករងគ្រោះទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ចំណែកសពរៀបចំតម្កល់រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចថាមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មកពី អ្នកបើកបររថយន្ត បើកបរក្នងល្បឿនលឿន និង ផ្លូវមានភាពចំណោតខ្លាំងហើយបត់កែង។
ទោះបីជាយ៉ាងណា មហាជនបានសំដែងនូវការហួសចិត្ត ថាផ្លូវបេតុងមួយខ្សែដ៍ថ្មីស្រឡាងនេះ បានសាងសង់រួចរាល់ស្ទើរជាស្ថាពរទៅហើយ ប៉ុន្តែគេនៅតែសង្កេតឃើញថា មានគ្រោះថ្នាក់អកុសលជាច្រើនលើកច្រើនសារមកហើយ។ ប្រជាពលរដ្ឋសួរថា តើនេះបណ្ដាលមកពីកត្តាបច្ចេកទេសផ្លូវថ្នល់ ឬមកពីកត្តាយានយន្ត?
ប្រជាពលរដ្ឋបានធ្វើការគោរពស្នើសុំ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ក៏ដូចជាសមត្ថកិច្ចជំនាញ មេត្តាត្រួតពិនិត្យបច្ចេកទេសឡើងវិញ នូវកំណត់ផ្លូវបេតុងមួយខ្សែ ដែលតភ្ជាប់ពីទីរួមស្រុកស្វាយលើ ទៅកាន់កំពូលភ្នំគូលែននេះផង ដើម្បីកុំឱ្យផ្លូវមួយខ្សែនេះ បន្តឆក់យកជីវិតប្រជាពលរដ្ឋដែលប្រើប្រាស់វាជាញឹកញាប់បន្តទៀត ជាពិសេសផ្លូវមួយខ្សែនេះជាផ្លូវទេសចរណ៍ដ៏សំខាន់ ដែលបានតភ្ជាប់ពីរមណីយដ្ឋានភ្នំគូលែន ទៅកាន់រមណីយដ្ឋានប្រាសាទនានានៅជុំវិញនោះផងដែរ៕នាគស

 

ព័ត៌មានពេញនិយម