Sunday, November 24, 2024

ល្បែង”អនឡាញ”និងឆ្នោតកន្ទុយលេខវៀតណាម នៅតែបន្តបើកលេងយ៉ាងពេញបន្ទុក ក្នុងខណ្ឌសែនសុខ

រាជធានីភ្នំពេញ៖ ល្បែង”អនឡាញ”និងឆ្នោតកន្ទុយលេខវៀតណាម នៅតែបន្តបើកលេងយ៉ាងពេញបន្ទុក ក្នុងខណ្ឌសែនសុខ បើគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បើទោះបីជាកន្លង អង្គភាពសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយ ដោយបង្ហាញទីតាំងល្បែង”អនឡាញ” ជល់មាន់ទូរទស្សន៍ រួមនិងទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ យ៉ាងច្បាស់ៗក៏ដោយ ក៍ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន មិនអើពើទប់ស្កាត់ ឬបង្ក្រាបនោះឡើយ។ រហូតមកដល់ពេលនេះ ក្រុមឈ្មួញ ជាថៅកែល្បែង នៅតែបន្តប្រមូលលុយ ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការបើកល្បែង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ដោយខុសច្បាប់ និងការដាក់ទីតាំង កត់ឆ្នោតកន្ទុយលេខវៀតណាម ដោយខុសច្បាប់ និងទទួលចាក់លុយធំៗទៀតផង។

ជុំវិញករណីនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខថ្លែងថាចាំលោកទាក់ទងអធិការខណ្ឌសិន។

សូមជម្រាបថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែនៅ “បុរីឈូកមាស” ផ្លូវCនឹងផ្លូវD ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទទួលចាក់លុយធំ ទាំងម៉ោងថ្ងៃ និងម៉ោងយប់។ ខណៈទីតាំងល្បែងស៊ីសង “អនឡាញ” បញ្ជល់មាន់ទូរទស្សន៍ដុះស្លែត្រង់ចំណុចខាងក្រោយ មន្ទីរពេទ្យសែនសុខ ប្រហែល២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១១ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងផងដែរ។

សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់ថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ត្រង់ចំណុចខាងលើ និងទីតាំងល្បែង”អនឡាញ”ត្រង់ចំណុចខាងលើនេះ បានបើកអាជីកម្ម លេងល្បែងស៊ីសង ខ្នាតធំដោយខុសច្បាប់ ជាយូរឆ្នាំមកហើយ ដោយលេងតាំងពីព្រលឹមទល់ព្រលប់ គេមិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបឬហាមឃាត់នោះទេ។ ដែរនេះបានបណ្ដាលឱ្យ អ្នកភ្នាល់ល្បែង”អនឡាញ” បញ្ជល់មាន់ទូរទស្សន៍ឈ្នះ ឬចាក់ឆ្នោតត្រូវ សប្បាយហ៊ោ កញ្ច្រៀវឡើងទ្រហឹងអឺងកង រីឯអ្នកភ្នាល់ល្បែង”អនឡាញ”ចាញ់ ក៏ដូចជាអ្នក”ដេកសុបិន” ចាក់ឆ្នោតខុសវិញកើតអារម្មណ៍មួម៉ៅ ក្រពុលមុខ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សា ក្នុងគ្រួសារក៏មាន។

យើងដឹងហើយថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខសេះអត់អាហារ បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខ ក្នុងមូលដ្ឋានជាដើម។

ទាក់ទិនករណីនេះ នៅល្ងាចទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ នៅតែបន្តអះអាងដូចលើកមុនថា លោកមិនបានដឹងទេ ចាំចុះស្រាវជ្រាវ។

ចំណែកលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានថ្លែងថាចាំលោកទាក់ទងទៅ លោកអធិការខណ្ឌសិន។

ការឆ្លើយមិនដឹងពីសំណាក់លោក ហួរ ម៉េងវ៉ាង នៅពេលនេះជារឿងមិនសមហេតុផលនោះទេ ប្រៀបដូចមនុស្សធ្វើជាដេកលក់ ដែលដាស់មិនចេះភ្ញាក់ពីដំណេក ព្រោះថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង អង្គភាពសារព័ត៌មាន បានរាយការណ៍ជូនលោក និងចុះផ្សាយបង្ហាញទីតាំងល្បែងខាងលើយ៉ាងច្បាស់រួចមកហើយ។

ដោយពេលនោះលោកអធិការថា នឹងចុះស្រាវជ្រាវ លុះឥឡូវលោកថា និងចុះស្រាវជ្រាវទៀត ខណៈសកម្មភាពនៃការបើកល្បែង នៅកំពុងបន្តរាល់ថ្ងៃរហូតមកដល់ពេលនេះ។

យ៉ាងណាក្ដី ពលរដ្ឋបានលើកឡើងថា ល្បែងអនឡាញ បញ្ជល់មាន់ទូរទស្សន៍ រួមនិងល្បែងឆ្នោតកន្ទុយលេខវៀតណាមទាំងនោះ មិនអាចរំលងភ្នែកសមត្ថកិច្ចបានទេហើយបើសមត្ថកិច្ច មានចេតនា ចង់បង្ក្រាបឬទប់ស្កាត់ គឺងាយដូចបកចេកអញ្ចឹង។

ពលរដ្ឋដែលមានប្ដី ឬប្រពន្ធជាអ្នកញៀនល្បែងស៊ីសង សូមស្នើដល់លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជាពិសេសលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងចុះបង្ក្រាបល្បែង “អនឡាញ” និងឆ្នោតកន្ទុយលេខវៀតណាមនានា ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រួមនិងល្បែងស៊ីសងទាំង២ទីតាំងខាងលើ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕KD

ព័ត៌មានពេញនិយម