ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្សមួយគ្រឿង មានឈ្មោះ Aida Bella បាននាំ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុរយៈ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលនឹងមានគម្រោងស្នាកនៅរយះពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមប្រភពពី AKP ដែលអង្គភាពសារព័ត៌មានគូលែនដេលី ទទួលបាននូវរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នាវាទេសចរណ៍បរទេស Aida Bella ដែលគេដឹងថាមានបណ្តោយរហូតដល់ ២៣០ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជម្រៅទឹក ៧.៣ម៉ែត្រនេះ បានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី ចូលសំចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ហើយនាវា នេះមាន គម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦រសៀល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Aida Bella មានចំនួន ២ ០០៥នាក់ ស្រីចំនួន ១ ០៤៨នាក់ មាន ២៥សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៦៣១នាក់ ស្រី ១១២នាក់ មាន ២៧សញ្ជាតិ។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ Aida Bella ធ្វើដំណើរ ទស្សនកិច្ចនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សារលើ រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក(ភូមិ៣) និងតាមតំបន់ ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។ ការចូលចតរបស់នាវាទេសចរណ៍នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុនាពេលនេះ បង្ហាញពីរដូវប្រាំងចូលមកដល់ ព្រោះជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា មាននាវាទេសចរណ៍បរទេសតែងតែនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ធ្វើដំណើរចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជារដូវពុំសូវមានហានិភ័យដោយសារតែភ្លៀងព្យុះតាម សមុទ្រ។
សូមរម្លឹកជួនផងដែរថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ក៏មាននាវាទេសចណ៍ របរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១ ០០០នាក់ ចូលចតធ្វើទស្សន កិច្ចរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុផងដែរ៕KD
ប្រភព៖ AKP