Saturday, November 23, 2024

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា «កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ»។

លោកបណ្ឌិត ទូច សុឃៈ បានគូសបន្តថា «ទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. ការជួញដូរមនុស្សគ្រប់ប្រភេទ ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង និងទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង»។

 

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបន្ថែមថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងផ្ញើសារតាមអង្គពិធីជារឿយៗជូនមន្ត្រីនគរបាលជាតិ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងប្រើប្រាស់ និងជួញដូរ ឬបទល្មើសនានាក្នុងរង្វង់បញ្ហាគ្រឿងញៀននេះ។ បើរកឃើញថាពាក់ព័ន្ធនឹងអនុវត្តវិន័យយ៉ាងតឹងរឹងតាមកម្រិតកំហុស ដែលអាចឈានទៅបណ្ដេញចេញពីក្របខណ្ឌ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ចរបស់តុលាការ។

លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា «តែទោះជាយ៉ាងណា រង់ចាំមើលលទ្ធផល នៃការសួរចម្លើយ និងការសម្រេចចោទប្រកាន់ របស់ព្រះរាជអាជ្ញាបន្ត»។

សូមជម្រាបជួនផងដែរថា នៅរសៀលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ ២០២៣ នេះសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន និង បក្ខពួក ៤នាក់ទៀត បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

ជនសង្ស័យត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។

បច្ចុប្បន្ន មន្ត្រីពាក់ផ្កាយ២ និងបក្សពួក ៤នាក់ទៀតត្រូវបានកម្លាំងបញ្ជូនដល់សាលាដំបូងហើយប៉ុន្តែ មិនទាន់បានបើកការស៊ើបសួរទេ ដោយលើកពេលទៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣ វិញ៕នាគស

ព័ត៌មានពេញនិយម