Monday, November 25, 2024

មនុស្សចំនួន ៦នាក់ ដែលជាមុខសញ្ញា ” ឆបោក ” ត្រូវសមត្ថកិច្ច ដេញតាមឃាត់បាន ជាមួយរថយន្តពីរគ្រឿង និង ប្រាក់ដុល្លារក្លែងក្លាយជិត ២ម៉ឺនដុល្លារ ផ្អើលក្រុងសៀមរាប

ខេត្តសៀមរាប៖ មនុស្សចំនួន ៦នាក់ ដែលជាមុខសញ្ញា ” ឆបោក ” ត្រូវសមត្ថកិច្ច ដេញតាមឃាត់បាន ជាមួយរថយន្តពីរគ្រឿង និង ប្រាក់ដុល្លារក្លែងក្លាយជិត ២ម៉ឺនដុល្លារ ផ្អើលក្រុងសៀមរាប កាលពីយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមកកាន់អង្គភាពសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប

ប្រភពបានឱ្យដឹងថា “នៅវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់យើងបានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ ឈ្មោះ ខ.អ.ល ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ- សង្កាត់-ក្រុងសៀមរាប ខេត្តសៀមរាប (ដោយមានការ សំណូមពរពី ជនរងគ្រោះ សមិនបញ្ចេញអត្តសញ្ញាណរបស់គាត់ ដូច្នេះ អង្គភាព គូលែនដេលី សូមរក្សាសិទ្ធជួន) ថាមានក្រុមជនសង្ស័យចំនួន០១ក្រុម កំពុងឆបោក ដោយប្រើរូបភាព ឲ្យជនរងគ្រោះយកប្រាក់ចំនួន ៥០០០$ ទៅដូរយកប្រាក់ បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះចំណេញ ៤០% តែជនរងគ្រោះមានការសង្ស័យថាត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចយើង”។

ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប

ប្រភពបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប។ ដឹកនាំប្រតិបត្តិការណ៍ដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើប្រតិបត្តិការស្រាវជ្រាវពាក់ព័ន្ធនឹងករណី ឆបោក មានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី )។ ក្រោយពេលកម្លាំងចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូចំនួន០១គ្រឿង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យចាប់ពីចំណុចខាងកើតសណ្ឋាគារសុខាសៀមរាប ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា រហូតដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាល សហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ធ្វើការឃាត់ខ្លួនមនុស្សបានចំនួន០៦នាក់ និងរថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់តែម្តង។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ

ទី១-ឈ្មោះ  ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្នភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ទី ២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។

ទី ៣-ឈ្មោះ ឈឹម  សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកសុី មានទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ទី៤-ឈ្មោះ ព្រឹល តន ហៅ ហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ។

ទី ៥-ឈ្មោះ អុឹង លីហុង ភេទប្រុស  អាយុ២០ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

និងទី ៦-ឈ្មោះ អុឹង វាសនា ភេទប្រុស  អាយុ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់

ប្រភពបានបន្ថែមថា តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ ខាងលើ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២,០០០បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន រថយន្តចំនួន ០២គ្រឿង  ១.ម៉ាក Lexus ព័ណ៍ស ស្លាកលេខ ភ្នំពេញ ២AL-១៤៥៦ ។ ២.ម៉ាកបាឡែន ពណ៍ស្ករ ស្លាកលេខ ភ្នំពេញ ២AC-១០៣១ និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស ១០០$ ចំនួន ១៦៣ សន្លឹក ។

ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕KD

មនុស្សចំនួន ៦នាក់ ដែលជាមុខសញ្ញា ” ឆបោក “ជាមួយរថយន្តពីរគ្រឿង និង ប្រាក់ដុល្លារក្លែងក្លាយជិត ២ម៉ឺនដុល្លារ

ព័ត៌មានពេញនិយម