Friday, October 11, 2024

យុវជនចំនួន ០៧នាក់ ដែលធ្វេីសកម្មភាពបង្កហិង្សាដាក់គ្នា បណ្តាលឱ្យរងរបួសភាគីម្ខាងត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ យុវជនបង្ក ០២ក្រុម មានគ្នាចំនួន ០៧នាក់ ដែលធ្វេីសកម្មភាពបង្កហិង្សាដាក់គ្នា បណ្តាលឱ្យយុវជនម្នាក់ នៃភាគីម្ខាងរងរបួស បែកមុខ លៀនភ្នែក នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រាប់មកអង្គភាពសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

ប្រភពបានឱ្យដឹងថា ដោយអនុត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ហិ-ង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់ដុំថ្ម និង មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក ) ០១ ករណី ហើយបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០២ក្រុម សរុបមានគ្នាចំនួន ០៧នាក់ និងម៉ូតូចំនួន ៤គ្រឿងទៅកាន់ស្នងកាដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

ប្រភពបន្តថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នានៅតាមដងផ្លូវ និងបានគប់ដុំថ្មដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួស យុវជនម្នាក់ឈ្មោះ ម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រយះត្រង់សៀតផ្កាខាងឆ្វេង ផុងដល់លលាដ៏ក្បាល ដេរ៤០ថ្នេរ និងពិការភ្នែកខាងឆ្វេង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានករណីហិង្សានេះ គឺផ្តេីមចេញពីក្រុមទី១ជិះម៉ូតូ មកជេរក្រុមទី២ ទើបមានការខឹងសម្បារ ក៏កើតហេតុជាការដេញ និងគប់គ្នាទៅវិញទៅមក។ ហើយសមត្ថកិច្ចបានចេញធ្វើការអន្តរាគមន៍បង្រ្កាបបាន និងដកហូតវត្ថុតាងមានម៉ូតូ ដុំថ្មនិងមួកសុវត្ថិភាពមួយចំនួនផង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕KD

អត្តបទ និងរូបភាព ៖ លោក លីន សាលី

ព័ត៌មានពេញនិយម