Friday, September 20, 2024

ពិតជាសាហាវណាស់ ផឹកស្រាជាមួយគ្នា មានទំនាស់ពាក្យសម្តី ជនរងគ្រោះគប់កំប៉ុងស្រាបៀត្រូវច្រមុះហូរឈាម ជនសង្ស័យក៏យកកាំបិតចិតបន្លែចាក់សម្លាប់

ខេត្តសៀមរាប៖ ពិតជាសាហាវណាស់ បុរស២នាក់ ផឹកស្រាជាមួយគ្នា ក៍ទាស់ពាក្យសម្តី ជនរងគ្រោះគប់កំប៉ុងស្រាបៀត្រូវច្រមុះហូរឈាម ជនសង្ស័យក៏យកកាំបិតចិតបន្លែចាក់សម្លាប់ នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកកាន់អង្គភាពសារព័ត៌មានគូលែនដេលីនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ។

សមត្ថកិច្ចឲ្យបានដឹងថា ជនសង្ស័យឈ្មោះ សួន ស៊ីថា ហៅចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ (អវិជ្ជមានសារធាតុញៀន) មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្ននៅបន្ទប់ជួលភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាជនដែលធ្លាប់ជាប់ពន្ធនាគារព្រៃស ករណីឆបោក រយៈពេល០២ឆ្នាំ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនិងករណីមនុស្សឃាតដោយចេតនា ដោយយកកាំបិតចិតបន្លែចាក់ជនរងគ្រោះឈ្មោះ អេង បូរ៉ា ឬ អេង ជារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករស់នៅភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បណ្តាលអោយស្លាប់ភ្លាមៗ ប៉ុន្តែដោយចង់ជួយសង្គោះមនុស្ស នៅក្រោយពីកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះ ក៍បានព្យាយាមដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់ជនរងគ្រោះនិងកាំបិតចំនួន០៣កាំបិត តែមិនដឹងថាជនរងគ្រោះស្លាប់ឬរស់នោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានការចាក់សម្លាប់នេះ គឺដោយជនសង្ស័យផឹកស្រាជាមួយជនរងគ្រោះ ហើយទាស់ពាក្យសម្តីគ្នា ហើយជនរងគ្រោះគប់កំប៉ុងស្រាបៀត្រូវច្រមុះជនសង្ស័យបណ្តាល ហូរឈាម ជនសង្ស័យក៏យកកាំបិតកាន់ដៃខាងឆ្វេងចាក់ជនរងគ្រោះ ហើយវត្ថុតាងដែលដកហូតបាន កាំបិតចិតបន្លែ ដែលជនសង្ស័យធ្វើសកម្មភាព។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តសៀមរាប តាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៨២៥ ឃខ/ឈ របស់ចៅក្រមស៊ើបសួរ សុិន សង្ហា ដែលចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយ៕នាគស

ព័ត៌មានពេញនិយម