Saturday, November 23, 2024

នៅទីបំផុត យុវជនម្នាក់ ដែលក្លែងព្រះរាជសារព្រះមហាក្សត្រ ត្រូវជាប់ទោសពីបទឧក្រិដ្ឋ នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ

រាជធានីភ្នំពេញ៖ នៅទីបំផុត យុវជនម្នាក់ ដែលក្លែងព្រះរាជសារព្រះមហាក្សត្រ ត្រូវជាប់ទោសពីបទឧក្រិដ្ឋ នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ នេះបើយោងតាមការឱ្យដឹងពី លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់រួចហើយចំពោះបុគ្គលឈ្មោះ ហាក់ ឧត្ដម ពីបទ ឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។


តាមមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
លោក ប្លង់ សុផល បន្តថា បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ជាបទល្មើសដែលមានចែង នៅមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
លោក ប្លង់ សុផល បានបញ្ជាក់ថា៖ «អ្នកក្លែងបន្លំឯកសារសាធារណៈ ត្រូវជាប់ទោសពីបទឧក្រិដ្ឋ នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ»។

សូមជម្រាបជួនថា ជនសង្ស័យដែលមានឈ្មោះ ហាក់ ឧត្តម ភេទ ប្រុស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្លែង ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និង ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន៕នាគស

ព័ត៌មានពេញនិយម