Saturday, November 23, 2024

សមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនយុវជនម្នាក់ដែលសង្ស័យថា ពាក់ព័ន្ធការក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនយុវជនម្នាក់ដែលសង្ស័យថា ពាក់ព័ន្ធការក្លែងព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និង ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ហើយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយធ្វើការបដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានគេនាំបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម។

សមត្ថកិច្ចបានបន្តថា ដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ ហាក់ ឧត្តម ភេទ ប្រុស (មិនបញ្ជាក់ទីតាំង) កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបព្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។

ករណីនេះផងដែរអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕KD

ព័ត៌មានពេញនិយម