ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុននគរគោកធ្លក ចំនួន ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាក់ដោយកាំបិត ខណ:បក្ខពួកម្នាក់កំពុងរត់គេចខ្លួន គឺជាជនដៃដល់ដល់ ដែលយកកាំបិតចុងស្រួចចាក់លើជនរងគ្រោះ ស្ថិតនៅចំណុចភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ១០ និង ៣០ នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមប្រភពមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បង្ហើបប្រាប់អង្គភាពសារព័ត៌មានគូលែនដេលី បានដឹងនៅរសៀលថ្ងៃនេះ។
ប្រភពថា ការឃាត់ខ្លួនជនសង្ស័យ ទី១មានឈ្មោះ សេង មិនា ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុននគរគោកធ្លក មានទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី២មានឈ្មោះ សុក អែម ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុននគរគោកធ្លក សញ្ជាតិខ្មែរ ទីលំ នៅបច្ចុប្បន្នភូមិច្រេស សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាក់ដោយកាំបិត ដែលជាបទល្មើសជាក់ស្តែង ដោយជនសង្ស័យទាំង ០២នាក់ ខាងលើរួមនិងបក្សពួក ម្នាក់ទៀត ឈ្មោះ អ៉ឹម ណាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ( រត់គេចខ្លួន ) បានធ្វើសកម្មភាព ព្រួតគ្នាវ៉ៃ និង យកកាំបិតចាក់ទៅលើជនរងគ្រោះ ឈ្មោះ អ៉ឹម គឹមលេង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រកស៊ី បច្ចុប្បន្នរស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឲ្យរងរបួស ខ្នង ០១កន្លែង ចង្កេះ ០១ កន្លែង ក្បាល០១កន្លែង និងស្លាបប្រជៀវខាងស្តាំ ០១កន្លែង មូលហេតុបង្ករទំនាស់ដោយសារក្រុមជនសង្ស័យ នាំគ្នាមកបើកបារាស់ដែលជនរងគ្រោះដាក់នៅមុខហាងរបស់ខ្លួន ដើម្បីឲ្យភ្ញៀវឈប់ចូល ក្នុង ហាងទើបមានទំនាស់ពាក្យសម្តីនិងគ្នា ។ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ សេង មិនា ភេទប្រុស អាយុ ៣៦ឆ្នាំ បាន ឆ្លើយថា: រូបគាត់និងបក្សពួកពិតជាបានមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះហើយរូបគាត់ពិតជាបានធ្វើសកម្មភាពវាយលើជនរងគ្រោះ ឈ្មោះ អ៊ឹង គឹមលេង ហៅបុល ចំនួន០៣ដៃ ពិតប្រាកដមែន ។ ហើយជនសង្ស័យ ឈ្មោះ សុក អែម ភេទប្រុស អាយុ៦៣ឆ្នាំ បានសារភាពថា រូបគាត់ និងបក្សពួក ពិតជាបានមានទំនាស់ពាក្យសម្តីជាមួយជនរង គ្រោះនៅកន្លែងកើតហេតុ ហើយរូបគាត់បានចាប់ទាញកអាវច្រានគ្នាទៅវិញទៅ មកជាមួយ និង ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែមិនបានវាយលើជនរងគ្រោះនោះទេ ។
ប្រភពបញ្ជាក់ថា ជនសង្ស័យឈ្មោះ អ៊ឹម ណាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបបុគ្គលិកក្រុមហ៊ុននគរគោកធ្លកផងដែរនោះ ជាបក្សពួក របស់ជនសង្ស័យទាំ០២នាក់ខាងលើ មានទីលំនៅបច្ចុប្បន្នភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រា សាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់លើជនរងគ្រោះ រួចកំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះ ដែលកំពុងមានរបួសធ្ងន់ មិនទាន់ធ្វើការបំភ្លឺបាននៅឡើយទេ។
ពាក់ព័ន្ធនិងករណីខាងលើនេះ នៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៣ នេះដែរ អង្គភាពសារព័ត៌មាន គូលែនដេលី បានទាក់ទងទៅកាន់ បុគ្គលិកម្នាក់របស់ក្រុមហ៊ុន នគរគោកធ្លក ដែលស្នើសុំមិនបញ្ចេញឈ្មោះ គាត់ឆ្លើយថា ” ចំពោះរឿងនេះគាត់រង់ចាំមើល មេរបស់គាត់ចេញមកពីការដោះស្រាយសិន”។
នៅថ្ងៃដដែលនេះ អង្គភាពសារព័ត៌មានគូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់លេខទូរសព្ទ 011 341….. ដែលអាងថាជាសាច់ញាតិជនរងគ្រោះ គាត់បានឆ្លើយតបថា “រឿងនេះខ្ញុំមិនអាចប្រាប់បានទេ ព្រោះគេកំពុងដោះស្រាយហើយ”។
ដោយឡែក អង្គភាពសារព័ត៌មានគូលែនដេលី ក៏បានធ្វើការទំនាក់ទំនង ទៅកាន់មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ដោយលោកបញ្ជាក់ថា “រឿងនេះកំពុងរៀបចំបញ្ជូនទៅតុលាការហើយ”។
ទោះបីជាយ៉ាងណា អង្គភាពសារព័ត៌មានគូលែនដេលី នៅកុំទាន់អាចទទួលការបំភ្លឺ ពីអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុននគរគោកធ្លកបាននៅឡើយទេ៕នាគស